(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានបញ្ជាឲ្យបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់ព្រំដែនគ្រីមា និងតំបន់ Donbas ជាប់ប្រទេសរុស្ស៊ី ព្រមទាំងបានបញ្ជាឲ្យត្រៀមខ្លួនប្រយុទ្ធក្នុងកម្រិតខ្ពស់ ដែលវិធានការនេះ ត្រូវបានធ្វើក្រោយពេលរុស្ស៊ី កំពុងរៀបចំបង្កើតកម្លាំង និងសព្វាវុធនៅតាមព្រំដែនដូចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃទី១១ ខែសីហានេះ។
នៅរសៀលថ្ងៃមិញនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានរៀបចំកិច្ចប្រជុំពិសេសមួយជាមួយនឹងក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីធ្វើការពិភាក្សាស្វែងរក ដំណោះស្រាយសន្តិសុខបន្ថែម ចំពោះតំបន់គ្រីមា បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយនឹង ក្រុមកងកម្លាំងសម្ងាត់ដែលរុស្ស៊ីអះអាងថា មកពីអ៊ុយក្រែន។
ជាមួយគ្នានោះដែរ វិមានក្រឹមឡាំង ប្រទេសរុស្ស៊ី កំពុងតែពិចារណាលើការបង្កើនកម្លាំង និងសព្វាវុធ ដើម្បីការពារសន្តិសុខនៅតាមដែនសមុទ្រ និងព្រំដែនជាប់ប្រទេសអ៊ុយក្រែន ស្របពេលដែលអគ្គមេបញ្ជាការទ័ព អ៊ុយក្រែន លោក Vladislav Seleznyov បានប្រាប់ Reuters ថា យោធាអ៊ុយក្រែន មានសមត្ថភាព និងធនធានគ្រប់គ្រាន់ក្នុងការការពារខ្លួន ហើយនិងកំពុងតាមដានស្ថានការណ៍ជាប់ជានិច្ច ទៅលើតំបន់ព័ទ្ធជុំវិញឧបទ្វីបគ្រីមា។
យោងតាមសេចក្តីថ្លែងការណ៍របស់ The Federal Security Service ថា កាលពីថ្ងៃព្រឹកថ្ងៃពុធម្សិលមិញនេះថា ប្រទេសរុស្ស៊ីបានរកឃើញនូវ ភស្តុតាងមួយចំនួន ដែលបានបង្ហាញថា មានកងកម្លាំងប្រដាប់អាវុធដែលមកពីក្រុមចារកម្មសម្ងាត់របស់ ក្រសួងការពារជាតិអ៊ុយក្រែន បានរៀបចំគំរោងចង់ធ្វើការលុកលុយចូលតំបន់គ្រីមា ដែលកំពុងគ្រប់គ្រងដោយ ប្រទេសរុស្ស៊ី។ The Federal Security Service បានបញ្ជាក់ថា ក៏មានមន្ត្រីរបស់ខ្លួន បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីចុងសប្តាហ៍មុនដែរ។
ប្រទេសរុស្ស៊ី បានធ្វើការចោទប្រកាន់អ៊ុយក្រែននោះ ដោយយោងទៅលើភាពស្របច្បាប់ របស់ខ្លួនដែលធ្វើការគ្រប់គ្រង លើតំបន់គ្រីមា តាមរយៈការបោះឆ្នោត ធ្វើប្រជាមតិកាលពីឆ្នាំ ២០១៤ ហើយដែលកាលណោះ គឺប្រជាជននៅគ្រីមា ជាង៩០ភាគរយបានគាំទ្រការដឹកនាំរបស់រុស្ស៊ី។ សហព័ន្ធរុស្ស៊ីមានសិទ្ធិគ្រប់គ្រង និងការពារ សន្តិសុខសង្គម នយោបាយ និង ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់គ្រីមា៕