(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់នាយករដ្ឋមន្រ្តីថៃ ឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយ សម្រាប់ផលិតផលកសិកម្មកម្ពុជា។
សំណើនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងនាយករដ្ឋមន្រ្តីថៃ បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
បើតាម ការប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ច គឺនៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរនូវជំនាញកសិកម្ម រួមទាំងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត។ ចំពោះបញ្ហា ពាក់ព័ន្ធនឹងពោត លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានស្នើថា ប្រធានបទអំពីពោតនេះគួរ ផ្ដោតលើទិដ្ឋភាពទាំងអស់ ពោលគឺមិនគិតត្រឹមតែការប្រមូលផលទេ។ សម្ដេចធិបតី បានស្នើភាគី ថៃឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយ បញ្ហាសេសសល់ ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ពីប្រទេសទីបី។
នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពប្រគល់ភារកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងរិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មដោយប្រជាជនភាគច្រើននៃប្រទេសទាំងពីរជាកសិករ៕