(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរម្លឹកជាថ្មីដល់មន្ដ្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងសេវាគុណភាពព្យាបាល ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ជូនដល់ប្រជាជន ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ការលើកឡើងរបស់លោកសាស្រ្ដាចារ្យ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ជាមួយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាព ក្រោមឱវាទក្រសួង ព្រមទាំងថ្នាក់ការិយាល័យ ដើម្បីតាមដានវឌ្ឍនភាពការងារ និងទិសដៅការងារបន្ដ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ ក៏មានរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមផ្ទាល់ដោយពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងអគ្គនាយករង​ ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ដថា ដើម្បីសម្រេចឱ្យបានជោគជ័យនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា មន្រ្តីសុខាភិបាលគ្រប់រូប ត្រូវផ្តោតលើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងសេវាគុណភាពព្យាបាល ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ជូនប្រជាជន ប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។

លោករដ្ឋមន្រ្តីក៏បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវចុះពិនិត្យឱ្យដល់មូលដ្ឋាន ដោយសហការជាមួយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ៕