(ពោធិ៍សាត់)៖ បន្ទាប់ពីពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៣ មានប្រពន្ធ័សម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា។
យោងតាមការព្យាករសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រពន្ធ័សម្ពាធទាបខាងលើ នឹងរំកិលចូលមកតំបន់ព្រំប្រទល់ កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិចស្របជួរភ្នំដងរែក។ ដំណើរនៃសម្ពាធទាបសកម្មដូចបានជម្រាបខាងលើ អាចបណ្ដាតាមតំបន់ខ្ពង់រាបភាគឥសានខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែ កញ្ញា ឆ្នាំ២០២៣។
ជាក់ស្ដែងនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកបានកើនឡើង ក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន។
ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនថាបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាស ធាតុរួចមក ឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍ សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្ក ឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀស ប្រជាពលរដ្ឋដែលងាយរងគ្រោះ៕