(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បានគូសបញ្ជាក់ថា នាឆ្នាំ២០២៤ ខាងមុខនេះ ជប៉ុននឹងត្រូវចាប់ផ្តើមគម្រោងឥណទានការធ្វើឱ្យប្រសើរឡើង នូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា។

ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោកឯកអគ្គរដ្ឋទូត បានថ្លែងបន្ដថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព។

«តែទោះជាយ៉ាងនេះក្ដី ក៏រដ្ឋាភិបាលជប៉ុននៅតែបន្ដជួយលើកកម្ពស់សុខុមាល របស់ប្រជាជនកម្ពុជា ដោយនៅឆ្នាំ២០២៤ ខាងមុខនេះ យើងនឹងត្រូវចាប់ផ្តើមគម្រោងមួយចំនួនដូចជា គម្រោងឥណទានការធ្វើឱ្យប្រសើរឡើង នូវមន្ទីរពេទ្យថ្នាក់តំបន់ និងគម្រោងការបង្កា និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា»

លោកឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវកាថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។

ជាពិសេសវិស័យសុខាភិបាល តាមរយៈការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា និងផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាលជាច្រើនតាំងពីដំណាក់កាលលំបាក រហូតមកដល់បច្ចុប្បន្ន ដែលកម្ពុជាមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងរស់នៅក្រោមម្លប់សន្តិភាព។

លោករដ្ឋមន្ត្រីបន្តថា កម្ពុជានិងជប៉ុននៅតែបន្តពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំថែមទៀត លើវិស័យអាទិភាពជាច្រើនដូចជា៖ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងផ្តល់ជូននូវសម្ភារៈបរិក្ខារពេទ្យ និងគម្រោងការធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងកាកសំណល់នៅម្ពុជា។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរាជដ្ឋាភិបាលជប៉ុន ដែលបានឧបត្ថម្ភ គាំទ្រដល់កម្ពុជាទោះជាក្នុងអំឡុងពេលកូវីដ-១៩ ដូចជាបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា ផ្តល់រថយន្តគិលានសង្គ្រោះ លើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាលជាដើម។ នេះសបញ្ជាក់អំពីភាពជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ ដែលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរថា ជាទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេស លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ លោកឯកអគ្គរាជទូតក៏បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕