(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបប្រតិភូបញ្ជាការដ្ឋានតម្រួតចល័ត នៃក្រសួងនគរបាលវៀតណាម ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ ឡេ វ៉ាន់ហា មេបញ្ជាការរង នៃបញ្ជាការដ្ឋានតម្រួតចល័ត ដែលមកបំពេញទស្សនៈកិច្ច ដើម្បីផ្លាស់ប្តូរដកពិសោធន៍ការងារ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជាមួយនាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ពិសេស និងអង្គភាពតម្រួតបទបញ្ជា នៅនាយកដ្ឋានអង្គរក្ស។

ជាកិច្ចចាប់ផ្តើម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានជម្រាបជូនដល់ភាគីវៀតណាម អំពីតួនាទីភារកិច្ចរបស់ នាយកដ្ឋាន-អង្គភាពទាំង៣ បានសហការគ្នាចូលរួមកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ជាពិសេសក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងការចូលរួមកិច្ចការពារទាំងមុន និងក្រោយពេលបោះឆ្នោត ដែលអង្គភាពទាំង៣ រួមសហការការពារសន្តិសុខ សុវត្ថិភាព ទទួលបានជោគជ័យ ជូនរាជរដ្ឋាភិបាល។

ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ ឡេ វ៉ាន់ហា មេបញ្ជាការរង នៃបញ្ជាការដ្ឋានតម្រួតចល័ត បានផ្ដល់នូវបទពិសោធន៍នានា ដែលឆ្លងតាមរយៈនៃការអនុវត្តកន្លងមកដែលទទួលបានជោគជ័យ ជូនចំពោះកងកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសិក្សា និងអនុវត្ត។

លោកឧត្តមសេនីយ៍ បានបន្តថា ខាងភាគីវៀតណាម សន្យា និងជួយទ្រទ្រង់បណ្ដុះបណ្ដាលបំប៉នជំនាញដល់កងកម្លាំង នៃនាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ពិសេស និងអង្គភាពតម្រួតបទបញ្ជា តាមត្រូវការចាំបាច់។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា មន្រី្តនគរបាលកម្ពុជាទាំងអស់ ក៏កំពុងទទួលបានការបណ្តុះបណ្តាលជំនាញជាបន្តបន្ទាប់ដោយអនុវត្តទៅតាមគោលនយោបាយកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសកំណែទម្រង់លើវិស័យកងកម្លាំងប្រដាប់អាវុធ។

ឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលឯកឧត្តមអភិសន្តិបណ្ឌិត បានកំពុងដាក់ផែនការ ដើម្បីពង្រឹងសមត្ថភាព កែទម្រង់កងកម្លាំងនគរបាលជាតិគ្រប់ជំនាញ ចំណុះក្រសួងមហាផ្ទៃទាំងមូល។

ទន្ទឹមនោះ ឧត្តមសេនីយ៍ឯក ក៏បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះការលើកឡើងសំណើ និងការអញ្ជើញរបស់ភាគីវៀតណាម ហើយនឹងនាំយកសំណើរបស់ភាគីវៀតណាម ជម្រាបជូន នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសវៀណាម ដើម្បីផ្លាស់ប្តូរដកពិសោធន៍ក្នុងកិច្ចការការពារ សន្តិសុខ សុវត្ថិភាព និងកិច្ចប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសនាពេលកន្លងមកនេះ។

នៅដើមខែតុលានេះ ក្រសួងនគបាលបាលវៀតណាមនឹបញ្ជួនប្រតិភូរបស់ខ្លួនមានបញ្ជាការដ្ឋានអង្គរក្ស សន្តិសុខក្រៅប្រទេស និងស្នងការទីក្រុងហាណូយ មកដកបទពិសោធន៏ជាបន្តបន្ទប់ទៀតផងដែរ៕