(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃភូមិភាគអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានបិទបញ្ចប់យ៉ាងជោគជ័យ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអគ្គលេខាធិការអាស៊ាន សមាជិក-សមាជិការដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី សមាជិក-សមាជិការាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិ ប្រតិភូសហព័ន្ធអន្តរជាតិ, អាយ.ស៊ី.អរ.ស៊ី, ថ្នាក់ដឹកនាំ និងយុវជនមកពីសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១។

តាមរយៈកិច្ចសម្ភាសជាង៤០នាទី ​របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ក្រោមការគិតគូរណែនាំតម្រង់ទិសជាប្រចាំពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺបានគិតគូរចាត់ចែងយ៉ាងហ្មត់ចត់ តាំងពីបដិសណ្ឋារកិច្ច នៃការអញ្ជើញមកដល់របស់គណៈប្រតិភូនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ការអញ្ជើញទស្សនកិច្ចនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រហូតដល់ដំណើរការក្នុងកិច្ចប្រជុំ និងបិទបញ្ចប់យ៉ាងជោគជ័យមកនេះ។

«សម្រាប់ចំណុចលេចធ្លោក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនេះ គឺមានជាច្រើន និងទទួលបានការវាយតម្លៃខ្ពស់ពីអន្ដរជាតិ និងពីមជ្ឈដ្ឋានដែលបានចូលរួម ទាំងរៀបចំ និងបដិសណ្ឋារកិច្ច មានភាពយ៉ាងល្អប្រសើរ ជាពិសេសការបង្កើតនូវភាពជិតសិ្ធទរវាងថ្នាក់ដឹកនំា និងយុវជនទាំង១១សមាគម ដែលការរៀបចំបែបនេះពុំធ្លាប់មានពីមុនមកនោះទេ និងកត្ដាជាច្រើន​ ដែលធ្វើឱ្យបណ្ដាសមាគមអន្ដរជាតិ មានការស្ងើចសរសើរយ៉ាងខ្លាំង ពីភាពជាអ្នកដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ»។ នេះបើតាមការគូសបញ្ជាក់របស់ លោកស្រី ម៉ែន នារីសោភ័គ៕

សូមអញ្ជើញទស្សនាកិច្ចសម្ភាសទាំងស្រុងដែលមានដូចតទៅ៖