(ភ្នំពេញ)៖ ក្នុងនាមអ្នកនយោបាយជើងចាស់ដ៏ជំនាញ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រាប់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថា ប្រទេសជាប់ភូមិផងរបងជាមួយគ្នា ត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែល សម្តេចអនុញ្ញាតឱ្យ នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេលលោកបំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានចែករំលែកបទពិសោធន៍ ដោយរំលឹកឡើងវិញពីការខិតខំរបស់សម្តេច និងឥស្សរជនកម្ពុជា ក្នុងការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំកន្លងមក។ សម្តេចតេជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺទី១. ប្រែក្លាយតំបន់សមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ និង ទី២. ប្រែក្លាយព្រំដែនប្រកបដោយការភ័យខ្លាច សង្គ្រាម ឲ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោបន្តថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខាង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវ និងវៀតណាមផងដែរ។

សម្តេចបានមានប្រសាសន៍បន្ថែមថា ប្រទេសជាប់ភូមិផងរបងជាមួយគ្នាត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធក្នុងការជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹកជំនន់ និងការជួយគ្នាទៅវិញទៅវិញទៅមក ជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែនសម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចេញចូលដើម្បី ធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺជាដើម។ល។

ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងថាលោកបានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានថ្លែងនូវការកោតសរសើរជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត៕