(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះពលករខ្មែរទាំងអស់ នៅក្នុងប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយលោកធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពួកគាត់។

លោក សេដ្ឋា ថាវីស៊ីន បានបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅក្នុងប្រទេសកម្ពុជា រយៈពេលពេញ១ថ្ងៃ ហើយលោកបានចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានបង្ហាញនូវលក្ខណៈពិសេស នៃទំនាក់ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។

ចំណែក លោក សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ឆ្លើយតបថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបសម្ដែងការគួរសម សម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលលោកសូមវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច ហើយលោកក៏បាន រៀបរាប់ពីលទ្ធផលនៃការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែម ទៀត។ 

ជាមួយគ្នានេះ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីថៃ ក៏បានថ្លែងអំណរគុណចំពោះពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយលោកបានធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចរចាទ្វេភាគីរវាង លោកនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។

សម្តេចតេជោក៏បានអធិប្បាយត្រួសៗ អំពីការសម្រេចចិត្តរបស់សម្តេចក្នុងការផ្ទេរអំណាចទៅឲ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាពដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមទ្ធិផលដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត៕