(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនចិន China Railway 16th Bureau Group CO., LTD បានបង្ហាញការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

ការបង្ហាញការគាំទ្រនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងក្រុមហ៊ុនចិន China Railway 16th Bureau Group CO., LTD (CRCC ) នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន តាមរយៈក្រុមហ៊ុន CRCC ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានជម្រាបជូនតំណាងក្រុមហ៊ុននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ រួមមាន៖
១. អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ដ និងគមនាគមន៍
២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បង្កើនចំណូលគ្រួសារ
៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដោយពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ឈឹម សៅគី ក៏បានលើកឡើងនូវគម្រោងកសាងហេដ្ឋារចនាសម្ពន្ធរូបវន្ដ ក្រោមឥណទានឥតសំណងរបស់រដ្ឋាភិបាលចិនជួយដល់កម្ពុជា ដែលគម្រោងនោះមាន៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ និងដំណាក់ទី២ បានបញ្ចប់រួចរាល់ហើយ, ចំពោះដំណាក់ទី៣ គឺស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន CRCC បានវាយតម្លៃខ្ពស់ និងបានគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅជាអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមការលើកឡើងរបស់លោករដ្ឋលេខាធិការប្រចាំការនាពេលនោះ និងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត៕