(បាត់ដំបង)៖ យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣នេះ កសិករបានប្រមូលផលស្រូវស្រាលដើមរដូវបានផលច្រើន តែស្រុកចំនួន២ ក្នុងចំណោមក្រុង ស្រុកទាំង១៤ តែមានការលិចទឹកនៅតាមតំបន់មួយចំនួន គឺស្រុកថ្មគោល និងស្រុកឯកភ្នំ ខណ:ពេលស្រូវកំពុងទុំ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ស្ថានភាពបង្កបង្កើនផល និងការប្រមូលផល ស្រូវរដូវវស្សាអនុវត្តបាន១៖ ការងារដាំដុះស្រូវអនុត្តបានចំនួន ៣៥៤,៨១៥ហិកតាស្មើនឹង ១០៦.២៣% នៃផែនការចំនួន ៣៣ ៤០០០ហិកតា។ ២៖ ការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាអនុវត្តបានចំនួន ១៧៥,០៩៩ហិកតាស្មើនឹង ៩៧.៦៥% នៃផែនការចំនួន ១៧៩,៣២១ហិកតា។

ដោយឡែកនៅចុងខែកញ្ញា ឆ្នាំ២០២៣ នេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរតែគ្រប់ក្រុង.ស្រុកទាំងអស់ ក្នុងខេត្តបាត់ដំបងធ្ វើឱ្យប្រជាកសិករដែលបានស្តុកទឹកទុកតាមស្រែរបស់ពួកគាត់ដែលមាននៅផ្នែកខាងលើបានបើកទឹកទម្លាក់មកក្រោមធ្វើឱ្យប្រជាកសិករដែលមានស្រែនៅផ្នែកខាងក្រោមរងផលប៉ះពាល់ស្រូវទុំ មួយចំនួនដូចខាងក្រោម៖
ផលប៉ះពាល់លើដំណាំស្រូវស្រាលដើម រដូវវស្សាចំនួន២ស្រុកមាន៖ ស្រុកថ្មគោល ប៉ះពាល់ដំណាំស្រូវសរុបចំនួន ៩៣ហិចតាចំនួន១ឃុំ ស្មើចំនួន៣៦ គ្រួសារ(ស្រូវទុំ) ។ ស្រុក ឯកភ្នំ ប៉ះពាល់ដំណាំស្រូវសរុបចំនួន ៤១១ ហិចតាចំនួន៣ឃុំស្មើចំនួន ១៣៦ គ្រួសារ(ស្រូវទុំ)។

ក្នុងរបាយការណ៍បានសន្និដ្ឋានថា បើទឹកនៅតែមិនស្រកចុះនឹងធ្វើឱ្យខូចខាតលើស្រូវទុំ ដែលបានប៉ះពាល់ខាងលើមានការខូចខាតទាំងស្រុង។ មន្រ្តីជំនាញមន្ទីរកសិកម្មបានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដានវាយតម្លៃផលប៉ះពាល់ និងរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យបានទាន់ពេលវេលាផងដែរ៕