(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំលើកទី៧ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិគ្រោះយោបល់លើការរៀបចំ «យុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨» ដែលពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា។

សមាសភាពចូលរួមមាន៖ តំណាងដៃគូអភិវឌ្ឍន៍មកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU Delegation to Cambodia), កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP), និងមន្ត្រីគយនិងរដ្ឋាករ ជាច្រើនរូបទៀត។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលការងារដែល អគរ សម្រេចបានតាមការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មគយ ឆ្នាំ២០១៩-២០២៣ និងពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីកែលម្អលើសេចក្ដីព្រាងឯកសារយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ ដែល អគរ បានរៀបចំ និងគ្រោងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
នាឱកាសនោះលោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការងារកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ ក្នុងន័យជំរុញឱ្យ អគរ អាចសម្រេចបាននូវបេសកកម្មរបស់អង្គភាព ក្នុងនាមជាសេនាធិការជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលក្នុងការងារផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មនិងធ្វើឱ្យប្រសើរឡើងបរិយាកាសធុរកិច្ច និងវិនិយោគ, ការប្រមូលចំណូល, និងការការពារសុខុមាលភាពសង្គមជាតិតាមរយៈការទប់ស្កាត់បទល្មើសឆ្លងដែន។
លោកបណ្ឌិត គុណ ញឹម ក៏គូសរំលេច និងថ្លែងអំណរគុណដល់ការចូលរួមដ៏សំខាន់ពីដៃគូអភិវឌ្ឍន៍ នាពេលកន្លងមក ក្នុងកិច្ចដំណើរការរៀបចំក៏ដូចជាការអនុវត្តយុទ្ធសាស្ត្ររបស់ អគរ ក្នុងការកែទម្រង់និងធ្វើទំនើបកម្មរដ្ឋបាលគយ។
នាឱកាសនោះដែរតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានជម្រាបជូនដៃគូអភិវឌ្ឍន៍នៅក្នុងអង្គប្រជុំអំពីលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយ ២០១៩-២០២៣ ដែលជារួមត្រូវបានវាយតម្លៃថាទទួលបានលទ្ធផលល្អ។ ការងារសំខាន់ៗដែលសម្រេចបាន រួមមានដូចជាលទ្ធផលល្អប្រសើរពីការខិតខំកៀរគរប្រមូលចំណូល, ការកែលម្អការងារបច្ចេកទេស គយ, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការធ្វើសាមញ្ញកម្មនិងទំនើបកម្មនីតិវិធីគយជាបន្តបន្ទាប់, ការអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២, ការចាប់ផ្ដើមដំណើរការអភិវឌ្ឍគម្រោងបញ្ជរជាតិដំណាក់កាលទី៣,ការកែលម្អច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ, ការលើកកម្ពស់អភិបាលកិច្ចនិងការពង្រឹងអនុលោមភាព, ការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពស្ថាប័ននិងមន្ត្រី ជាដើម។

យុទ្ធសាស្ត្រនេះនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ ដើម្បីបន្តអភិវឌ្ឍខ្លួនឱ្យស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាស្របតាមយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អគរ ក៏បានកសាងសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨ ដោយផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន៦ គឺ ១. ប្រសិទ្ធភាពនៃការប្រមូលចំណូល, ២. កិច្ចសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការគយ, ៣. អនុលោមភាពនិងការអនុវត្តច្បាប់, ៤. ការងារច្បាប់និងបទប្បញ្ញត្តិ, ៥. ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង ៦. សមត្ថភាពស្ថាប័ន។

ក្រោយពីស្តាប់បទបង្ហាញរបស់ អគរ តំណាងដៃគូអភិវឌ្ឍន៍នានា បានបង្ហាញពីការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ អគរ ដែលសម្រេចបាននាពេលកន្លងមក និងដល់ការរៀបចំឯកសារយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយ ២០២៤-២០២៨ នេះ។ តំណាងដៃគូអភិវឌ្ឍន៍យល់ឃើញថា ការរៀបចំឯកសារយុទ្ធសាស្ត្ររបស់ អគរ នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបានគ្របដណ្ដប់លើគ្រប់វិស័យពាក់ព័ន្ធនឹងការងាររបស់គយ ស្របតាមការវិវត្តនៃនិន្នាការសេដ្ឋកិច្ចនិងសង្គមនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ដៃគូអភិវឌ្ឍន៍ក៏បានប្តេជ្ញាចិត្តបន្តផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រលើការងារជាអាទិភាពនានារបស់ អគរ ដើម្បីឱ្យ អគរ អាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក៏ដូចជាដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលផងដែរ៕