(ភ្នំពេញ)៖ បើទោះបីពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ការវិនិយោគរបស់បរទេសនៅ​កម្ពុជានៅតែមានសន្ទុះគួរឱ្យកត់សម្គាល់។ រយៈពេល៦ខែឆ្នាំ២០២៣ មានក្រុមហ៊ុនបរទេសជិត ១០០ក្រុម​ហ៊ុន បានដាក់ទុនវិនិយោគនៅកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជិត ១០០នេះ មានទុនវិនិយោគសរុបប្រមាណ ៩០០លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានជាង ៥ម៉ឺនកន្លែង។

បើតាមលោក ជា វុទ្ធី ក្រុមដែលបានចូលមកវិនិយោគនេះ ភាគច្រើនមកពីប្រទេសចិន ហើយវិនិយោគលើ​ផ្នែក​កម្មន្តសាល និងឧស្សាហកម្មក្រៅពីការកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កត្តាដែលនាំ​ឱ្យអ្នកវិនិយោគបរទេសបន្តដាក់ទុកវិនិយោគនៅកម្ពុជា ដោយសារសុខសន្តិ​ភាព ស្ថេរភាពនយោ​បាយ ស្ថេរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច។ បន្ថែមពីលើនោះ ច្បាប់វិនិយោគ ជាច្បាប់មានភាពទូលំទូលាយ​មិនចង្អៀតចង្អល់ ឬហាម​ឃាត់អ្នកវិនិយោគមិនឱ្យដាក់ទុនលើវិស័យណាមួយ គឺអនុញ្ញាតទាំងអស់ ហើយរាជរដ្ឋាភិបាល មានការលើក​ទឹក​ចិត្តខ្ពស់ចំពោះការវិនិយោគ។

ក្រៅពីនេះ ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែភ្នំពេញ កំពង់ផែខេត្តព្រះសីហនុ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ជាកត្តាទាក់ទាញការវិនិយោគពីបរទេសផងដែរ៕