(បាងកក)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីជួបពិភាក្សាការងារមួយ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន រវាងកម្ពុជា-ថៃ ជាមួយលោកនាយឧត្តមសេនីយ៍ ផៃបូន កុំឆាយ៉ា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ និងជាតំណាង ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ និងផ្ដល់ជាការចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក។
ក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែ សហការល្អជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន នាពេលកន្លងមក ដោយបានផ្តល់នូវជំនួយជាសម្ភារៈ ការបណ្តុះបណ្តាលជំនាញ និងចែករំលែកនូវបទពិសោធន៍ លើការងារអនុវត្តច្បាប់ ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងកិច្ចសហការ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ជាពិសេសគម្រោងជំនួយកិច្ចសហប្រតិបត្តិការទ្វេភាគី (LOA) កម្ពុជា-ថៃ ឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដែលមានទឹកប្រាក់ សរុបជាង២០ម៉ឺនដុល្លាអាមរិក។
លោក កៅ ខុនដារ៉ា បានលើកឡើងនូវបញ្ហាប្រឈម និងកង្វះខាតមួយចំនួន ក្នុងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀន រវាងប្រទេសទាំងពីរ ដូចជា ការផ្លាស់ប្តូរព័ត៌មានអំពីបទល្មើសគ្រឿងញៀន ព្រោះនៅមូលដ្ឋានខ្លះ ធ្វើឡើងមិនទាន់ពេលវេលា សកម្មភាពរួមសហការឃោសនាអប់រំ ផ្សព្វផ្សាយបទល្មើសគ្រឿងញៀន តាមមូលដ្ឋាន នៅមានកម្រិត។
ដើម្បីឱ្យការត្រួតពិនិត្យគ្រឿងញៀនកាន់តែតែមានប្រសិទ្ធិភាព រវាងប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នា លើសកម្មភាពមួយចំនួន ដូចខាងក្រោម៖
ទី១.ជម្រុញអនុវត្តខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ លើកទី១០ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, ទី២.ជម្រុញការអនុវត្តច្បាប់ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន និងត្រូវរៀបចំប្រជុំប្តូរវេនគ្នា ឱ្យបានទៀងទាត់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារបង្រ្កាបគ្រឿងញៀន, ទី៣.ជម្រុញសកម្មភាពទំនាក់ទំនងសហប្រតិបត្តិការផ្លាស់ប្តូរពត៌មាន រវាងមន្រ្តីការិយាល័យ BLO នៃភាគីទាំងពីរ ឱ្យកាន់តែជិតស្និត សំដៅទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធិភាពថែមទៀត, ទី៤.បន្តលើកកម្ពស់ផ្សព្វផ្សាយការយល់ដឹង អំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាជន នៅតាមព្រំដែន ដើម្បីកសាងសហគមន៍ ភូមិ សាលារៀនគ្មានគ្រឿងញៀន នៅតាមព្រំដែន។
សូមជម្រាបថា ក្នុងជំនួបនោះដែរ ភាគីថៃបានប្រគល់សម្ភារៈជានិមិត្តរូបនូវរថយន្ត Pick up ចំនួន២គ្រឿង ម៉ូតូចំនួន២០គ្រឿង ម៉ាស៊ីនវិភាគគ្រឿងញៀន១គ្រឿង ទូកល្បាត១គ្រឿង ម៉ាស៊ីនតេស្តទឹកនោមរកសារធាតុញៀន ២ម៉ឺនគ្រឿង និងសារធាតុគីមី សម្រាប់តេស្តគ្រឿងញៀនមួយចំនួន ដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពអនុវត្តច្បាប់មួយ នៅតាមព្រំដែនកម្ពុជា-ថៃ ហើយនៅឆ្នាំ២០១៧ ខាងមុខនេះ ភាគីថៃសន្យាផ្តល់ជំនួយកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សម្រាប់ការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងឧបករណ៍សម្ភារ សម្រាប់បម្រើការងារត្រួតពិនិត្យគ្រឿងញៀន នូវទឹកប្រាក់ចំនួន១៦០,០០០ដុល្លាអាមេរិក ផងដែរ៕