(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីអង្គការអន្តរជាតិផ្នែកខាងការងារ បានរកឃើញថា កម្ពុជាជាប្រទេសមានប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរខ្ពស់ជាងប្រទេសចំនួន៥ផ្សេងទៀតនៅក្នុងតំបន់។
ក្នុងឆ្នាំ២០២៣ នៅកម្ពុជា កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលមធ្យមពី ២១៧ដុល្លារ ទៅ២៥៩ដុល្លារក្នុងមួយខែ ដោយមិនទាន់គិតពីប្រាក់ថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងអត្ថប្រយោជន៍ពីបេឡេជាតិរបបសន្តិសុខសង្គម។ ប្រាក់ឈ្នួលនេះ គឺខ្ពស់ជាងប្រទេសវៀតណាម, ស្រីលង្ការ, បង់ក្លាដែស, ឡាវ និងមីយ៉ាន់ម៉ា។
របាយការណ៍ពីអង្គការផ្នែកការងារ បានបង្ហាញថា ឆ្នាំ២០២៣ប្រទេសវៀតណាម មានប្រាក់ឈ្នួលចន្លោះពី ១៣៨ដុល្លារ ទៅ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៣៩ដុល្លារ, ប្រទេសបង់ក្លាដែស ៧៤ដុល្លារ, ប្រទេសឡាវ ៧៥ដុល្លារ និងប្រទេសមីយ៉ាន់ម៉ា ៦៩ដុល្លារ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបនឹងសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ៤ដុល្លារថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនៅឆ្នាំ២០២៤ឡើងដល់ ២០៤ដុល្លារ។ ៤ដុល្លារដែលដំឡើងនេះ ២ដុល្លារ ជាការព្រមព្រៀងរវាងភាគីថៅ និងកម្មករ និយោជិត ហើយ ២ដុល្លារទៀត ជាការបន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការដំឡើងនេះ ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈផ្សេងៗតែមួយគត់ ដែលបានដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន១,៣៣២ និងមានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ ផ្តល់ចំណូលប្រចាំឆ្នាំជិត ៣ពាន់លានដុល្លារ៕