(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចូលរួមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរដែលទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង១ខែ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់កុំតម្លើងថ្លៃបន្ទប់ ហើយរាជរដ្ឋាភិបាល នឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ។ ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង»។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ទើបនឹងសម្រេចដំឡើងប្រាក់​ឈ្នួល​អប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ៤ដុល្លារថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា​របស់​កម្មករ និយោជិតនៅឆ្នាំ២០២៤ឡើងដល់ ២០៤ដុល្លារ។ ៤ដុល្លារដែលដំឡើងនេះ ២ដុល្លារ ជាការព្រមព្រៀង​រវាងភាគីថៅ និងកម្មករ និយោជិត ហើយ ២ដុល្លារទៀត ជាការបន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន១,៣៣២ និងមានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ ផ្តល់ចំណូលប្រចាំឆ្នាំជិត ៣ពាន់លានដុល្លារ៕