(ភ្នំពេញ)៖ ភាគីកម្មករ និយោជិត សុទ្ធតែបានបង្ហាញការពេញចិត្ត នឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានដំឡើងដល់២០៤ដុល្លារអាម៉េរិកក្នុងមួយខែ។ ដោយឡែកភាគីថៅកែ ក៏ទទួលយកដោយរីករាយលើតួលេខនេះផងដែរ ទោះបីការបញ្ជាទិញក្នុងឆ្នាំ២០២៣ ថយចុះ ១៩ភាគរយក៏ដោយ។
ប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ត្រូវបានដំឡើងចំនួន៤ដុល្លារអាម៉េរិក ក្នុងនោះ២ដុល្លារបានពីការពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (តាមរយៈការបោះឆ្នោត) និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ជូនចំនួន២ដុល្លារថែមទៀត។ បានន័យថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ នឹងកើនដល់២០៤ដុល្លារក្នុងមួយខែ ហើយនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។
បន្ទាប់ពីបញ្ចប់ការពិភាក្សានារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងជាតំណាងភាគីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ចំនួន២០៤ដុល្លារអាម៉េរិកនេះ ប្រសិនបើបូកទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតនឹងទទួលបានជាមធ្យមចាប់ពី ២២១ដុល្លារឡើងទៅ។
លោក គឹម ចាន់សំណាង តំណាងភាគីកម្មករ និយោជិត បានថ្លែងថា ភាគីកម្មករនិយោជិតមានការពេញចិត្តចំពោះប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារនេះ។ លោកថា «ការដំឡើងប្រាក់ឈ្នួលនេះ គឺចង់តែបានច្រើនជូនកម្មករនិយោជិតនោះទេ ប៉ុន្តែយើងក៏ត្រូវពិនិត្យលើការប្រកួតប្រជែងជាមួយប្រទេសដៃគូនាំចេញដូចគ្នា ព្រោះបើយើងនាំគ្នាទាមទារដំឡើងប្រាក់ឈ្នួលខ្ពស់ពេក អាចប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា»។
ទោះយ៉ាងណា តំណាងសហជីពក៏បានស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយកាត់បន្ថយការចំណាយ រក្សាប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ព្រមទាំងទប់ការឡើងថ្លៃទំនិញផ្សេងទៀតដែលកម្មករនិយោជិតត្រូវការប្រចាំថ្ងៃ ដូចជា ផ្ទះជួល ទឹកស្អាត អគ្គិសនី ទំនិញសម្រាប់អាហារជាដើម។
ភាគីកម្មករ និយោជិតក៏បានលើកឡើងសំណូមពរចំនួន១៥ចំណុច ក្នុងនោះពាក់ព័ន្ធនឹងការតបណ្ដាញទឹកស្អាត និងអគ្គិសនី គឺនៅមិនទាន់គ្រប់ទីតាំងស្នាក់នៅរបស់កម្មករនិយោជិតនៅឡើយ ព្រមទាំងស្នើឱ្យមានការកំណត់តម្លៃសមរម្យ ដែលអាចជួយកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត។
លោក ណាង សុធី តំណាងភាគីនិយោជក (ថៅកែ) បានឱ្យដឹងថា ភាគីនិយោជកមានគោលជំហរទទួលយកបាននូវចំនួន២ដុល្លារនេះ ខណៈសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានបន្ថែមពីលើ២ដុល្លារទៀតដែរ។ លោកថា ការដំឡើងប្រាក់ឈ្នួលនេះ ក៏មានការប៉ះពាល់ខ្លះៗដែរ ដូចជាការកើនថ្លៃដើមរបស់ផលិតផលនីមួយៗ ប៉ុន្តែក៏ទទួលបានការសម្របសម្រួលលើការបន្ថយថ្លៃភស្ដុភាកម្មពីសំណាក់រាជរដ្ឋាភិបាលរួចហើយ។
លោក ណាង សុធី បានបន្តថា «ការបញ្ជាទិញពីកម្ពុជានៅឆ្នាំ២០២៣ គឺមានការថយចុះក្នុងអត្រា ១៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ ខណៈទីផ្សារធំៗសម្រាប់កម្ពុជា មានដូចជាទីផ្សារអឺរ៉ុប សហរដ្ឋអាម៉េរិក និងជប៉ុន»។
លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ដែរថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាជារឿងសំខាន់ ប៉ុន្តែរឿងសំខាន់បន្ទាប់ទៀតនោះ គឺត្រូវការខិតខំកាត់បន្ថយបន្ទុកការចំណាយរបស់កម្មករ និយោជិត ព្រោះប្រសិនជាដំឡើងប្រាក់ឈ្នួលហើយមិនកាត់បន្ថយការចំណាយរបស់កម្មករនិយោជិតនោះទេ គឺនឹងធ្វើឱ្យកម្មករនិយោជិតមិនសូវសល់ប្រាក់ប៉ុន្មានឡើយ។
លោករដ្ឋមន្ត្រីបានបន្តថា «ក្រសួងនឹងធ្វើការជាមួយតួអង្គពាក់ព័ន្ធ ធ្វើយ៉ាងណាជួយកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត និងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឡើងថ្លៃផ្ទះជួលថ្លៃហួសពេក ដើម្បីធានាប្រាក់ឈ្នួលដែលត្រូវបានដំឡើងនេះគឺនឹងនៅសល់ កុំឱ្យឡើងហើយតែត្រូវយកទៅចំណាយអស់»។
លោករដ្ឋមន្ត្រី ហេង សួរ ក៏បានរំឭកនូវប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ផែនការឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគិតគូរអំពីសុខុមាលភាពរបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ដូចជាការគិតគូរអំពីការរៀបចំឱ្យមានអាហារដ្ឋាន ទារកដ្ឋាន មត្តេយ្យសហគមន៍ជាដើម ដើម្បីឱ្យកម្មករ និយោជិតដែលមានកូនតូចៗអាចដាក់កូនៗនៅកន្លែងសមរម្យទាំងនោះ សំដៅធានាថាកូនចៅជំនាន់ក្រោយរបស់ពួកគាត់មានឱកាសទទួលបានការអប់រំនៅកម្រិតបឋម ដែលនឹងក្លាយទៅជាមូលធនមនុស្សល្អៗ ហើយមានអនាគតកាន់តែល្អប្រសើរ៕