(ភ្នំពេញ)៖ អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងថា ទោះបីជាប្រាក់ឈ្នួលកម្មករនិយោជិត ក្នុងវិស័យកាត់ដេរកើន ៤ដុល្លារ ដែលមើលទៅមានចំនួនតិចក៏ដោយ ប៉ុន្តែមានតម្លៃធំធេងដោយសារបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជា ពិភពលោកកំពុងបញ្ហាវិបត្តិសេដ្ឋកិច្ច ហើយក្រុមនិយោជកក៏កំពុងរកផលប៉ះពាល់ ដោយសារការនាំចេញធ្លាក់ចុះ។

ប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប​ សម្រាប់ឆ្នាំ២០២៤ បានសម្រេចហើយ គឺ២០៤ដុល្លារ ដោយក្នុងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាបោះឆ្នោតសម្រច ២០២ដុល្លារ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ​ឧបត្ថម្ភ ២ដុល្លារបន្ថែម ដែលធ្វើ​ឱ្យប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ កើនឡើង៤ដុល្លារ បើធៀបជាមួយឆ្នាំ២០២៣ ដែលមានត្រឹម ២០០ដុល្លារ។

កម្ពុជាគឺជាប្រទេសតែមួយគត់ ដែលនាំចេញផលិតផលទាំងអស់នេះ នៅអាស៊ីដែលបានដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត​ ដល់២០៤ដុល្លារ សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ គឺជាដំណាក់កាលពិសេសមួយ​ ​ព្រោះ​ស្ថានភាពសង្គមកម្ពុជា​​ ប្រទេសនៅក្នុងតំបន់អាស៊ាន​ ក៏ដូចជានៅក្នុងសកលលោក​​ កំពុងតែរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ដែលមិនទាន់ចប់ផង និងការជះឥទ្ធិពលពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងធ្វើឱ្យសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសផ្សេងៗរកផលប៉ះពាល់។ ទន្ទឹមគ្នានិយោជកដែលជាម្ចាស់រោងចក្រក៏រងផលប៉ះពាល់ ដោយសារការបញ្ជាទិញថយចុះ និងការនាំចេញធ្លាក់ចុះផងដែរ។

​លោកថា បើទោះបីជាប្រាក់ឈ្នួលនេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការ របស់និយោជិត​ និងតំណាងសហជីព ក៏ដូចជា ស្ថានភាពតម្លៃទំនិញនៅលើទីផ្សារបច្ចុប្បន្នក៏ដោយ ប៉ុន្តែ​ក្នុងកាលទេសដ៏លំបាក ​កម្ពុជាអាចជជែកគ្នាឈានដល់ការដំឡើងប្រាក់ឈ្នួល គឺជាលទ្ធផលល្អ និងទទួលយកបានទាំងអស់គ្នា។

លោកយល់នេះថា នេះគឺជាប្រាក់ខែគោលមួយ ដែលសមស្របជាមួយនឹងស្ថានភាពបច្ចុប្បន្ន ព្រោះបើបូកសរុបជាមួយប្រាក់កម្រៃ ដែលកម្មករ និយោជិតធ្វើការបន្ថែមម៉ោង នឹងអាចទទួលបានកាន់តែច្រើន​ជាងនេះ​។ ហើយជាមួយគ្នានេះ ការដំឡើងប្រាក់ឈ្នួលកម្រិតនេះ នឹងធ្វើឱ្យនិយោជកទទួលយកបាន និងអាចបន្តធ្វើការជាមួយគ្នា ប្រកបដោយសុខុដុមនីយកម្ម ខណៈពួកគេកំពុងតែរងផលប៉ះពាល់ ដោយសារការថយចុះនៃការបញ្ជាទិញ។

លោកកត់សម្គាល់ថា បើធៀបជាមួយប្រទេសជិតខាងកម្ពុជា​ ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា បង់ក្លាដេសជាដើម ឃើញថាប្រាក់ឈ្នួលរបស់កម្ពុជា មានអត្រាខ្ពស់ជាងគេ។ ប្រសិនស្ថានភាពសេដ្ឋកិច្ច ប្រែប្រួលកាន់តែល្អប្រសើរ ជាងនេះ ប្រាក់ឈ្នួលនៅកម្ពុជានឹងកាន់តែកើនឡើងថែមទៀត។

លោកលើកឡើងទៀតថា ការចរចាដំឡើងប្រាក់ឈ្នួលក្នុងកាលៈទេសៈនេះ ក៏អាចនឹងធ្វើឱ្យអ្នកបញ្ជាទិញ នៅក្រៅប្រទេសពេញចិត្តផងដែរ ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខ និងសុខុមាលភាពរបស់កម្មករនិយោជិត។

សូមជម្រាបថា ការចរចាដំឡើងប្រាក់ឈ្មួលសម្រាប់ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា បានចរចាចំនួន២០លើកមកហើយ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយឈរលើគោលការណ៍ប្រជាធិបតេ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ៕