(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគិតគូរយ៉ាងខ្លាំងដល់ជីវភាព និងរស់នៅរបស់ប្រជាពលរដ្ឋ ដោយក្នុងឆ្នាំ២០២៣នេះ​ រាជរដ្ឋាភិបាលត្រៀមនូវកញ្ចប់ថវិកា សម្រាប់ជួយអន្តរាគមន៍ផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ចចំនួន ៦៧២​លានដុល្លារ ក្នុងនោះឧបត្ថម្ភគ្រួសារក្រីក្រ ៣៥០លានដុល្លារ។

លោកបន្តថា ជាក់ស្តែងនៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលត្រៀមចំណាយអន្តរាគមន៍​ផ្នែកសង្គមកិច្ច​ និងសេដ្ឋកិច្ច ៦៧២​លាន​ដុល្លារ ក្នុងនោះរួមមាន៖

* កម្មវិធីឧបត្ថម្ភសាច់ប្រាក់គ្រួសារក្រីក្រ​ និង​ការឧបត្ថម្ភកញ្ចប់គ្រួសារ​ចំនួន​ ៣៥០លាន​ដុល្លារ
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាចំនួន ៦០លានដុល្លារ
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ពលកម្ម សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារចំនួន ១០០លានដុល្លារ
* ថវិកាសម្រាប់ចូលរួមកសាងយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចចំនួន ៤៦លានដុល្លារ
* ថវិកាសម្រាប់ជួយដល់ការស្តារ និងអភិវឌ្ឍន៍តំបន់រន់តាឯក និងពាក់ស្នែងចំនួន ៣៩លានដុល្លារ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា «ក្នុងកញ្ចប់ថវិកា រាជរដ្ឋាភិបាលត្រៀមសម្រាប់ជួយអន្តរាគមន៍ផ្នែកសង្គមកិច្ច​ និងសេដ្ឋកិច្ចចំនួន ៦៧២​លានដុល្លារ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ យើងបានប្រើប្រាស់អស់ប្រមាណ ៥០៨លានដុល្លារហើយ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច»។

ជាមួយគ្នានេះ បើតាមក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីសុខុមាលភាព និងសម្រួលដល់ការរស់នៅរបស់ពលរដ្ឋ រាជរដ្ឋាភិបាលចំណាយថវិកាខ្ទង់ ៩៣០លានដុល្លារក្នុងមួយឆ្នាំ លើកិច្ចគាំពារសង្គមនៅកម្ពុជា។

កន្លងមកក្នុងផ្នែកជំនួយសង្គម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដូចជា៖

១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៣២៥ ៦៧៩ នាក់,

២៖ កម្មវិធីផ្តល់អាហារតាមសាលារៀន ដែលមានសិស្សទទួលផលសរុបចំនួនប្រមាណ ៣០០ ០០០ នាក់ ក្នុងសាលារៀនគោលដៅចំនួន ១ ១១៣ សាលា ដែលរួមបញ្ចូលកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់,

៣៖ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ដែលមានសិស្សក្រីក្រទទួលផលសរុប ២៦៣ ៧៥១ នាក់,
៤៖ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ, ទីក្រុងតាខ្មៅនៃខេត្តកណ្ដាល និងទីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ដែលមានគ្រួសារទទួលផលចំនួន ១២៩ ៦៦៦ គ្រួសារ,

៥៖ កម្មវិធីសាច់ប្រាក់ពលកម្ម ដែលគ្របដណ្តប់ខេត្តគោលដៅចំនួន ២០

៦៖ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដែលមានកម្មករនិយោជិតទទួលផលប្រមាណ ៤០ ម៉ឺននាក់ មកពីរោងចក្រសហគ្រាសជាង ៧០០ នៅក្នុងវិស័យកាត់ដេរ, វិស័យទេសចរណ៍ និងវិស័យភាពយន្ត។

ដោយឡែក ក្នុងផ្នែករបបសន្តិសុខសង្គម, ដើម្បីជួយគាំទ្រ និងការពារប្រជាពលរដ្ឋពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល (សន្តិសុខប្រាក់ចំណូល) ដែលបណ្តាលមកពីជំងឺ, លំហែមាតុភាព, គ្រោះថ្នាក់ការងារ, និកម្មភាព និងជរាភាព ដោយផ្អែកលើការបង់ភាគទាន, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមជាបន្តបន្ទាប់ រួមមានផ្នែកប្រាក់សោធន, ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ, មន្ត្រីរាជការស៊ីវិល, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន និងសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ (កម្មករនិយោជិត) ដែលមានចំនួនសមាជិកសកម្មប្រមាណ ១,៨ លាននាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៣។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តរបបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដែលផ្តល់ការគាំពារផ្នែកសុខភាព ជូនពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ ៧០ ម៉ឺននាក់ ស្នើនឹង ២.៨ លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ ដែលជាក្រុមគោលដៅ (ដែលរួមមានមេភូមិ, អនុភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, កីឡាករ-កីឡាការិនី, អ្នកធាក់ស៊ីក្លូ និងបុគ្គលិកនិងអ្នកជំនាញដោះមីន) ប្រមាណ ១០ម៉ឺននាក់, និងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ដែលគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលប្រមាណ ៦០ ០០០ នាក់ និងរបបផ្សេងៗទៀត។

រាជរដ្ឋាភិបាលក៏បានពង្រីករបបថែទាំងសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ៕