(ភ្នំពេញ)៖ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ឱ្យបាន២លាននាក់ នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ដែល មានលោក ថោង ខុន ជារដ្ឋមន្រ្តី បានស្នើឱ្យមហាអំណាចមួយនេះ ជួយបង្កើនវិនិយោគលើវិស័យទេសចរណ៍ ក៏ដូចជាជំរុញឱ្យមានជើងហោះត្រង់មកកម្ពុជាបន្ថែមទៀត ដើម្បីមានភាពងាយស្រួល និងឆាប់រហ័សនៃដំណើរកម្សាន្តរបស់ភ្ញៀវមកកម្ពុជា។
សំណើនេះត្រូវបានលើកឡើងដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក្នុងសន្និសីទអន្តរជាតិចិនលើកទី៣ ស្ដីពីវិនិយោគវិស័យទេសចរណ៍ និងវប្បធម៌ នាទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ ដោយក្នុងនោះលោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ផលិតផលទេសចរណ៍ថ្មី សម្បូរបែប និងមានភាពទាក់ទាញ គឺជាយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយដល់ភ្ញៀវទេសចរ»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី បានស្នើឱ្យរដ្ឋាភិបាលចិនជំរុញបង្កើនការវិនិយោគលើផលិតផលទេសចរណ៍ថ្មីៗ ឱ្យបានច្រើនបន្ថែម ព្រោះកម្ពុជាត្រូវការផលិតផលទាំងនោះ ដើម្បីទាក់ទាញទេសចរ ទាំងនៅតំបន់សៀមរាបអង្គរ ទីក្រុងភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍។
លោករដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យរដ្ឋាភិបាលចិនបន្ថែមជើងហោះហើរត្រង់តភ្ជាប់ពីចិនមកកម្ពុជា ពិសេសគឺខេត្តយូណាននេះតែម្ដង ដើម្បីរួមចំណែកជំរុញលំហូរ ទេសចរចិន ឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅ ជូនទេសចរចិនដោយ លោករដ្ឋមន្រ្តីបានបញ្ជាក់ពីយុទ្ធសាស្រ្តជាច្រើន ប្រាប់ដល់អង្គសន្និសីទទាំងមូល តួយ៉ាងយុទ្ធនាការ China Ready ជាដើម ហើយអ្វីដែលពិសេសជាងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរទាំងអស់ រយៈ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ ដែលការងារនេះ នឹងចាប់ផ្ដើមធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។
សូមជម្រាបថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៦នេះ ភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជា មានចំនួន៣៨០,០០០នាក់ កើនឡើង១៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០១៥ ហើយកម្ពុជាសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរចិន ប្រមាណ៩០ម៉ឺននាក់ ក្នុងឆ្នាំ២០១៦នេះ៕