(ភ្នំពេញ)៖ ក្រោមអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី «ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា» រួចមក កម្ពុជាបានរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល៥ឆ្នាំ (២០២៣ - ២០២៨) និងក៏បានផ្ញើជូនទៅភាគីចិន។

នេះជាការបញ្ជាក់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពេលអនុញ្ញាតជូនគណៈប្រតិភូចិន នៃមជ្ឈមមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី លើកឡើងថា បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំប្រទេសចិនស្តីពី «ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា» រួចមក ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំអនុវត្តការងារ និងសម្រេច បានលទ្ធផលដូចខាងក្រោម៖

*១៖ បង្កើតគណៈកម្មាធិការសម្របសម្រួលសម្រាប់ការអប់រំភាសាចិន
*២៖ ទទួលបានឯកភាពជាគោលការណ៍ ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ចំនួន ២០ នាក់ (ក្នុង ០១ សាលា ០១ នាក់) ភាគីកម្ពុជាផ្តល់ជូន ៧១ ម៉ឺនរៀល ប្រហែល ១៨០ ដុល្លារ ហើយស្នើសុំឱ្យភាគីចិនជួយឧបត្ថម្ភបន្ថែម ៤០០ ដុល្លារ ក្នុងមួយខែ។ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឈ្មោះសាលាមធ្យមសិក្សាសាធារណៈ ចំនួន ២០ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
*៣៖ បង្កើតសេចក្តីព្រាងស្តីពី លក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន។
*៤៖ រៀបចំលិខិតស្នើសុំទៅកាន់ភាគីចិន ចាត់តាំងមន្ត្រីអចិន្រ្តៃយ៍អប់រំភាសាចិននៅកម្ពុជា។
*៥៖ រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល៥ឆ្នាំ (២០២៣ - ២០២៨) និងក៏បានផ្ញើជូនទៅភាគីចិន។

បន្ថែមពីនេះទៅទៀត លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំដល់ភាគីចិនជួយពន្លឿនលក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ជួយរៀបចំតេស្តប្រឡងភាសាចិន នៅពេលជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន និងជួយពន្លឿនការពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល ០៥ ឆ្នាំ (២០២៣ - ២០២៨)។

ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ភាគីចិនបានយល់ស្របនឹងជួយផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ជួយរៀបចំតេស្តប្រឡងភាសាចិនសម្រាប់ មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ក៏ដូចជារៀបចំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងការបង្រៀនភាសាចិន ដល់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូចិន នៃមជ្ឈមមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន សម្រាប់កិច្ចសហប្រតិបត្តិការកន្លងមក នឹងសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា នឹងប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់៕