(ភ្នំពេញ)៖ លោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក (The World Bank) បានបញ្ជាក់ជំហរយ៉ាងមុតមាំក្នុងការបន្ដគាំទ្រ និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់លោកស្រីបានធ្វើឡើង ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រា​ចារ្យ ឈាង រ៉ា ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកស្រីបានបញ្ជាក់ថា លទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួង តាមរយៈគម្រោងមួយចំនួនដែលបានអនុវត្តកន្លងមករួមមាន គម្រោងគ្រប់គ្រងជំងឺ គម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី១ ទី២ និងគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាលទាំង២ដំណាក់កាល។

លើសពីនោះលោកស្រីប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រសុខាភិបាល និងផែនការអាទិភាព របស់ក្រសួងសុខាភិបាលជាបន្តទៀត។

លោករដ្ឋមន្ដ្រីសុខាភិបាលបានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាល លោកបានស្វាគមន៍ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក (World Bank) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស ដល់វិស័យសុខាភិបាល ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី១ និងទី២ (Health Equity and Quality Improvement Project) គម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 Emergency Response Project (COVID-19 ERP)) គម្រោងអាហារូបត្ថម្ភកម្ពុជា (Cambodia Nutrition Project (CNP)) គម្រោងពង្រឹងការបណ្តុះបណ្តាលមុនផ្តល់សេវា (Strengthening Pre-Service Education System for Health Professionals Project (SPESHP)) នាពេលកន្លងមក។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោក ជាពិសេសលោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងទៅកាន់ភាគីធនាគារពិភពលោកទៀតថា សម្រាប់ផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត និងជាតិ តាមរយៈការកែលម្អអគារ បំពាក់សម្ភារៈបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការបន្តប្រយុទ្ធនឹងជំងឺមិនឆ្លង។

សូមជម្រាបថាក្នុងជំនួបនោះផងដែរ លោកស្រី Mariam J. Sherman បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕