(ភ្នំពេញ)៖ បុរសម្នាក់ជាងសំណង់ម្នាក់បានរអិលធ្លាក់ពីលើអាគារកំពស់៣ជាន់ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈកំពុងឈរលើបន្ទាបូកជញ្ជាំង។ ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង ៣៖៣៥នាទីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងការដ្ឋានសំណង់ ស្ថិតនៅតាមផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើ ឈ្មោះ ចាប អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ផ្នែកជាងបូក ស្នាក់នៅការដ្ឋានសំណង់ កន្លែងកើតហេតុ និងមានស្រុកកំណើត នៅឯខេត្តសៀមរាប។ នៅមុនពេលកើតហេតុ ជនរងគ្រោះរូបនេះ បានឡើងទៅលើជាន់ទី៣ រួចឈរលើរន្ទាបូកជញ្ជាំងហើយខណៈកំពុងធ្វើការ ស្រាប់តែរអិលជើងធ្លាក់ផ្ងារក្រោយ។

ខណៈនោះសំណាងខ្លាំងណាស់ដោយធ្លាក់មកទើរលើដំបូលផ្ទះប្រជាពលរដ្ឋនៅជាប់នោះ ទើបមិនបណ្តាលគ្រោះថ្នាក់ដល់អាយុជីវិតគ្រាន់តែរងរបួសធ្ងន់បែកក្បាល។ បន្ទាប់ពីក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានកម្មកររួមការងារ បានយកចុះដាក់ពីលើដំបូលផ្ទះ និងដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជនមួយកន្លែងផងដែរ៕