(ភ្នំពេញ)៖ អំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជា នាល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថ្មីថៃ បានបន្តអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នៅវិមានព្រឹទ្ធសភា។

ជំនួបនេះ បានធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីថ្មីថៃ បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, អញ្ជើញបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

លោក សេដ្ឋា ថាវីស៉ីន បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូង បន្ទាប់ពីលោក បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា ជាពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ៕