(កំពង់ធំ)៖ ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ដ្រីជំនាញ នៃអគ្គនាយកដ្ឋានធនធានរ៉ែ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យ និងសិក្សាអំពីដំណើរការ នៃអាជីវកម្មចម្រាញ់រ៉ែមាសមួយកន្លែង ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បន្ទាប់ពីលេចលឺព័ត៌មានថា ក្រុមហ៊ុនបានបង្កការរំខាន និងមានបញ្ហាមួយចំនួនជាមួយប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ។
ការចុះពិនិត្យ និងសិក្សាអំពីដំណើរការអាជីវកម្មចម្រាញ់រ៉ែមាស ខាងលើនេះ ដឹកនាំដោយ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការ, លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ, មន្ទីររ៉ែ និងថាមពល និងមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានចូលរួម ពីអាជ្ញាធរមូលដ្ឋានថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ។
លោក អ៊ុច បូរ៉ា បានឲ្យដឹងថា ការចុះពិនិត្យទីតាំងអាជីវកម្មចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក នេះ ដើម្បីពិនិត្យទៅលើ២ចំណុច៖
* ចំណុចទី១៖ អំពីវឌ្ឍនភាពនៃប្រតិបត្ដិការរបស់ក្រុមហ៊ុន ដោយពិនិត្យលើភាពអនុលោមរបស់ក្រុមហ៊ុន ទៅលើលក្ខណៈបច្ចេកទេស និងសុវត្ថិភាពការដ្ឋានរ៉ែ និងបរិស្ថាន
* ចំណុចទី២៖ ទាក់ទងទៅនឹងបញ្ហាផ្សេងៗ ដែលមានជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្បែរការដ្ឋានរ៉ែ។
លោក អ៊ុច បូរ៉ា បានបញ្ជាក់បន្ថែមថា ក្រៅពីការចុះតាមដាន និងត្រួតពិនិត្យនេះ ក្រសួងក៏បាននិងកំពុងអនុវត្តការតាមដានជាប្រចាំ ដោយមានមន្ត្រីប្រចាំនៅទីតាំងការដ្ឋានរ៉ែ ពីក្រសួង និងមន្ទីររ៉ែ និងថាមពល។
ក្រោយពីបានចុះពិនិត្យរួចមក លោក គង់ ស៊ីថា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានគូសបញ្ជាក់ថា ក្រុមហ៊ុននេះ ពិតជាបានអនុវត្ដទៅតាមផែនការផលិតកម្ម និងអាជីវកម្មដោយគោរពទៅតាម បទដ្ឋានបច្ចេកទេស និងសុវត្ថិភាព និងបរិស្ថានបានល្អត្រឹមត្រូវ ដោយពុំមានគ្រោះថ្នាក់ណាមួយបានកើតឡើង នៅក្នុងការដ្ឋានរ៉ែ និងពុំមានការលេចធ្លាយ កាកសំណល់ចេញមកក្រៅ ដែលបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ និងបរិស្ថាន នៅជុំវិញតំបន់នោះឡើយ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នៃក្រសួងរ៉ែ និងថាមពល អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមហ៊ុន បានចុះជួបសំណេះសំណាល ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗ ទីតាំងអាជីវកម្មចម្រាញ់រ៉ែមាសនេះ ព្រមទាំងបានដោះស្រាយនូវបញ្ហាមួយចំនួន ជូនដល់ពួកគាត់ផងដែរ ដូចជាសំណងពីក្រុមហ៊ុន ជូនទៅប្រជាកសិករម្នាក់ ដែលឡានដឹកដីធ្វើផ្លូវរបស់ក្រុមហ៊ុន បានបង្កឲ្យខូចម៉ាស៊ីនបូមទឹក១គ្រឿង និងដោះស្រាយគោលនយោបាយជូនប្រជាកសិករ១រូបទៀត ដែលកំពុងអាស្រ័យផលនៅក្នុងដែនអាជ្ញាបណ្ណ ស្វែងរុករករបស់ក្រុមហ៊ុនដែលរងប៉ះពាល់ប្រហែល១ហិកតា ពីការធ្វើផ្លូវចូល។
បន្ថែមពីនោះទៀត ពាក់ព័ន្ធនឹងការលើកឡើងថា មានប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ កំពុងមានវិវាទដីធ្លីជាមួយ ក្រុមហ៊ុន ឡេតចេងម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក ត្រូវបានលោក ប្រាក់ មិន ដែលជាមេឃុំសុចិត្រ បានបញ្ជាក់ថា គឺគ្មានករណីបែបនេះ កើតឡើងនោះទេ។
លោកមេឃុំបានឲ្យដឹងទៀតថា មិនត្រឹមតែគ្មានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋនោះទេ ក្រុមហ៊ុននេះ ថែមទាំងយោគយល់រហូតឲ្យប្រជាពលរដ្ឋ អាចដាក់ម៉ាស៊ីនបូមរ៉ែ ក្នុងដែនអាជ្ញាបណ្ណរបស់ក្រុមហ៊ុនថែមទៀតផង។
លោកមេឃុំ បានបញ្ជាក់បន្ថែមថា ប្រជាជននៅតំបន់នេះ តែងតែប្រកបរបររករ៉ែមាសជាលក្ខណៈគ្រួសារនៅរដូវភ្លៀង ដោយបច្ចុប្បន្នមានចំនួនប្រមាណ១០៥កន្លែង នៅក្នុងទីតាំងអាជ្ញាបណ្ណរបស់ក្រុមហ៊ុន។ លោកបន្តថា ក្រសួង មន្ទីររ៉េ និងអាជ្ញាធរមូលដ្ឋាន តែងតែចុះមកពន្យល់ណែនាំពីភាពពុំស្របច្បាប់ និងគ្រោះថ្នាក់ដែលអាចកើតមានឡើង ពីសកម្មភាពអនាធិបតេយ្យនេះ។
ក្នុងទឹកមុខញញឹម សប្បាយរីករាយ អ្នកស្រី ហីន ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ បាននិយាយថា ក្រុមគ្រួសាររបស់អ្នកស្រី អាចរកចំណូលបានខ្ទង់ពាន់ដុល្លារ ក្នុងមួយខែៗ ដើម្បីដោះស្រាយជីវភាព ដោយអ្នកស្រី និងស្វាមី បានធ្វើការនៅក្នុងក្រុមហ៊ុននេះ ទទួលបានចំណូលប្រចាំខែ ប្រមាណ៩០០ដុល្លារ និងចំណូលកូនៗថែមទៀត ដែលធ្វើការនៅក្រុមហ៊ុននេះ។
តាមការបញ្ជាក់របស់ លោក អ៉ឹង ឌីប៉ូឡា, វិស័យរ៉ែ គឺជាសម្បត្ដិធម្មជាតិមួយ ដែលមានលក្ខណៈពិសេស ជាងសម្បត្ដិធម្មជាតិដទៃទៀត ដោយមិនអាចកកើតឡើងវិញ ដូច្នេះត្រូវអភិវឌ្ឍន៍ដោយចីរភាព តម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផល ផ្តល់ភាពសុខដុម និងភាពរីកចំរើនដល់សេដ្ឋកិច្ច សង្គម និងប្រជាជាតិដោយគិតឲ្យបានគ្រប់ជ្រុងជ្រោយ ពីផលប៉ះពាល់ដល់បរិស្ថាន និងសង្គមដោយធ្វើដូចម្តេច ឲ្យមានការប៉ះពាល់យ៉ាងតិចបំផុត។
លោក អ៉ឹង ឌីប៉ូឡា បានបន្តទៀតថា ក្រសួងមានការសិក្សាល្អិតល្អន់ណាស់ មុននឹងចេញអាជ្ញាបណ្ណ ជូនក្រុមហ៊ុនណាមួយដោយធ្វើការវាយតម្លៃទៅលើបទពិសោធន៍ របាយការណ៍សិក្សាសមិទ្ធិលទ្ធភាព ផែនការផលិតកម្មអាជីវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ចំពោះទីតាំងដែលត្រូវផ្តល់ជូន ត្រូវមានការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលមានការគាំទ្រពីក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
សូមជម្រាបថា ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក បានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លើផ្ទៃដីទំហំ១៥១គីឡូម៉ែត្រការ៉េ តាមរយៈអាជ្ញាបណ្ណលេខ០០០១ រថ.ឧអធរ.អប ពីក្រសួងរ៉ែនិងថាមពល និងទទួលបានការគាំទ្រពីក្រសួងបរិស្ថាន។
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលលើគម្រោងអាជីវកម្មរ៉ែមាស ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ជូនក្រុមហ៊ុនតាមរយៈអាជ្ញាបណ្ណលេខ០០០១ រថ.ឧអធរ.អប មានសុពលភាព៥ឆ្នាំ លើផ្ទៃដីទំហំ៥៨គីឡូម៉ែត្រការ៉េ ដែលជាផ្ទៃដីមួយផ្នែក នៃដែនអាជ្ញាបណ្ណសិក្សាស្រាវជ្រាវ។
យោងតាមផែនការផលិតកម្មរបស់ក្រុមហ៊ុន, ក្រុមហ៊ុនមានគម្រោង ផលិតផលមាសប្រមាណ១៨០គីឡូក្រាម ក្នុងមួយឆ្នាំ នឹងត្រូវបានទាញយកពីក្នុងថ្មរ៉ែ ប្រមាណ៦០០,០០០តោន។ សម្រាប់ដំណាក់កាល៥ឆ្នាំ ដំបូងនេះ គម្រោងអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
* បង្កើតចំណូលថ្មី បន្ថែមសម្រាប់ជាតិ តាមរយៈចំណូលសួយសារប្រមាណ ៣៣០,០០០ដុល្លារ ក្នុងមួយឆ្នាំ និងពន្ធ-អាករផ្សេងទៀត។
* ការនាំយកនូវបច្ចេកវិទ្យាបច្ចេកទេស និងចំណេះដឹងថ្មី ផ្នែកឧស្សាហកម្មរ៉ែមាស ជូនដល់ប្រជាជនកម្ពុជា
* ការរួមចំណែកលើការប្រើប្រាស់សេវាកម្ម និងផលិតផលក្នុងស្រុក ដែលជាគោលនយោបាយរបស់ក្រសួងរ៉ែនិងថាមពល តែងតែជំរុញឲ្យក្រុមហ៊ុនវិនិយោគវិស័យរ៉ែទាំងអស់ អនុវត្តទាំងក្នុងដំណាក់ស្វែងរុករក រហូតដល់ដំណាក់កាលអាជីវកម្មរ៉ែ
* បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា សរុបប្រមាណ៦៣៨នាក់ មកពី២២ខេត្តក្រុង ក្នុងនោះកម្មករចំនួន ២៩៨នាក់ មកពីខេត្តកំពង់ធំ ជាមួយនឹងប្រាក់បៀវត្តន៍ ក្នុងអត្រាចន្លោះពី៣០០ ទៅ ៥០០ដុល្លារ ក្នុងមួយខែសម្រាប់កម្មករទូទៅ និងចន្លោះពី៨០០ ទៅ ១,៥០០ដុល្លារ ក្នុងមួយខែ សម្រាប់បុគ្គលិកជាប្រធានផ្នែក។
ប្រាក់បៀវត្តន៍ខាងលើនេះ បានក្លាយជាចរន្តសាច់ប្រាក់ហូរទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងបានបង្កើតជាសកម្មភាពសេដ្ឋកិច្ច ដោយប្រយោលពីសកម្មភាពប្រើប្រាស់ទំនិញ និងសេវាកម្ម។
* ការរួមចំណែកលើបរិស្ថាន និងសង្គម តាមរយៈកិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះនៅតំបន់នោះដោយក្រុមហ៊ុនត្រូវ៖
* បង់មូលនិធិអភិវឌ្ឍសហគមន៍មូលដ្ឋានចំនួន ១៥,០០០ដុល្លារ ក្នុងមួយឆ្នាំ នៅក្រសួងរ៉ែ និងថាមពល សម្រាប់ជាកិច្ចគាំទ្រក្នុងការអភិវឌ្ឍមូលដ្ឋានឃុំសុចិត្រ។
* បង់មូលបរិស្ថាន និងសង្គម១០០,០០០ដុល្លារ ក្នុងមួយឆ្នាំ នៅក្រសួងបរិស្ថាន សម្រាប់គាំពារបរិស្ថាន និងសង្គម៕