(ភ្នំពេញ)៖ ជាមួយនឹងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំតភ្ជាប់ប្រព័ន្ធទឹកស្អាតចូលក្នុងបុរី ម៉ន ដានី ទាំង ១៣គម្រោង។

១៣គម្រោងនោះ រួមមាន​ ១២គម្រោង ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល និង ១គម្រោង ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កិច្ចប្រជុំនៅក្នុងថ្ងៃនេះ ទទួលបានការចូលរួមពីសំណាក់តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, តំណាងរដ្ឋបាលខណ្ឌកំបូល និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ, តំណាងរដ្ឋបាលសង្កាត់ស្នោរ និងសង្កាត់សំរោងក្រោម ព្រមទាំងក្រុមការងារនៃការិយាល័យជំនាញ របស់រដ្ឋបាលខណ្ឌទាំងពីរ, ទីចាត់ការ-អង្គភាពជំនាញពាក់ព័ន្ធចំណុះសាលារាជធានីភ្នំពេញ, តំណាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន បុរី ម៉ន ដានី ព្រមទាំងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹងទាំង ១៣គម្រោងផងដែរ។

បន្ទាប់ពីការធ្វើបទបង្ហាញ របស់លោកប្រធាននាយកដ្ឋានផែនការ និងគម្រោង នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, មតិលើកឡើងរបស់អាជ្ញាធរមូលដ្ឋានខណ្ឌ-សង្កាត់ និងទីចាត់ការ-អង្គភាពជំនាញពាក់ព័ន្ធ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋតំណាងម្ចាស់លំនៅឋានក្នុងគម្រោងបុរី ម៉ន ដានី ទាំង ១៣ ទីតាំង រួចមក, លោក នួន ផារ័ត្ន បានបូកសរុបលទ្ធផល នៃកិច្ចប្រជុំដោយបានបែងចែកភារកិច្ចជូនអ្នកពាក់ព័ន្ធនីមួយៗ ដើម្បីដាក់ចេញជាដំណោះស្រាយ។

អង្គប្រជុំសម្រេចបានដំណោះស្រាយរួមមួយប្រកបដោយភាពវិជ្ជមាន ដោយទទួលបានការព្រមព្រៀងពីគ្រប់ភាគីពាក់ព័ន្ធ និងដោយឈរនៅលើស្មារតីឈ្នះ-ឈ្នះទាំងអស់គ្នា។

មុននឹងបញ្ចប់លោក នួន ផារ័ត្ន សង្ឃឹមថា គ្រប់មន្ទីរ-អង្គភាពជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ នឹងផ្តល់កិច្ចសហការអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនទៅតាមភារកិច្ចដែលអង្គប្រជុំបានប្រគល់ជូនយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឈានដល់ការបញ្ចប់នូវបញ្ហានេះ៕