(កំពង់ធំ)៖ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដល់សិក្ខាកាមកងទ័ពចំនួន១០០នាក់ និងក្រុមគ្រូយោធាចារ្យចំនួន១០នាក់ ដោយដំណើរការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធ AK៤៧ ដើម្បីវាស់ស្ទង់ពីកម្រិតយល់ដឹង ក្នុងការប្រើប្រាស់បច្ចេកទេសអាវុធស្វ័យប្រវត្តិដែលយោធិនគ្រប់រូបត្រូវចេះស្ទាត់សម្រាប់ការពារខ្លួន និងបាញ់កំទេចគោលដៅខ្មាំងសត្រូវ ក្នុងពេលប្រយុទ្ធនៅលើសមរភូមិ។

ជាការលើកទឹកចិត្តលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅបញ្ជាការដ្ឋានវរៈ១ ភូមិតាឡែក ឃុំសាលាវិស័យ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ នាឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងថា កងកម្លាំងប្រដាប់អាវុធសុខចិត្តបង្ហូរញើសនៅទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិប្រយុទ្ធ។

លោក ងួន រតនៈ សូមកោតសរសើរដោយស្មោះដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ចតាមបទបញ្ជារបស់អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ក៏ដូចជាបញ្ជារបស់បញ្ជាការដ្ឋានយោភូមិភាគ៤ ដែលបានដាក់ចូលផែនការប្រចាំឆ្នាំទាក់ទងទៅនឹងការហ្វឹកហាត់ជាប្រចាំទៅដល់កងកម្លាំងប្រដាប់អាវុធ។

អភិបាលខេត្ត បានបន្ថែមទៀតថា នេះជាកិច្ចការដែលមានសារៈសំខាន់ណាស់សម្រាប់កងយុទ្ធពលខេមរភូមិន្ទ ក្នុងការបង្កើននូវសមត្ថភាពជំនាញពិតប្រាកដដល់កម្លាំងសម្រាប់ការពារ ប្រទេសជាតិបើទោះបីប្រទេសយើងធ្លាប់ ឆ្លងកាត់សង្គ្រាម ហើយសព្វថ្ងៃនេះទទួលបានសុខសន្តិភាពក៏ដោយប៉ុន្តែកងទ័ពមិនត្រូវបោះបង់និងភ្លេចខ្លួននោះទេត្រូវតែហ្វឹកហាត់បង្កើនសមត្ថភាព ចំណេះ ជំនាញ និងអង្គអាចក្លាហានជានិច្ច។

លោក ងួន រតនៈ បានបន្តថា ទោះបីយើងមានការហ្វឹកហាត់ជាបន្តបន្ទាប់ក្តីទាក់ទងនឹងសមត្ថភាពនៅមានកម្រិតដោយសារការហ្វឹកហាត់នេះមានរយៈពេលខ្លីត្រឹមតែបីខែប៉ុណ្ណោះ។ ដូចនេះជំនាញនៅក្នុងមេរៀនមានការអនុវត្ត ជាក់ស្ដែងយើងទទួលបានលទ្ធផលមានកម្រិត ទោះយ៉ាងណាការយល់ដឹងទទួលបានលទ្ធផលល្អ។

លើសពីនេះទៀតលោកសូមកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីការងារស្នូល និងការងារជំនាញលោកមេបញ្ជាការបានដឹកនាំកងកម្លាំងធ្វើការងារសង្គម ជាច្រើនជាពិសេសការងារមនុស្សធម៌ ផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ។

លោក ងួន រតនៈ បាន ថ្លែងអំរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជុំវិញខេត្តព្រមទាំងសប្បុរសជន នានាដែលបានចំណាយទាំងសម្ភារ ថវិកា ដើម្បីចូលរួមចំណែកជាមួយកងយោធពលខេមរភូមិន្ទនិងបានធ្វើកងទ័ព មានលទ្ធភាពការពារបូរណភាពទឹកដីជាតិមាតុភូមិនិងប្រជាជន។

តាមរបាយការណ៍ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លទ្ធផលហ្វឹកហ្វឺនរៀនសូត្ររយៈពេល៨៧ថ្ងៃ កន្លងទៅដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ តាមខ្លឹមសារ និងកម្មវិធីហ្វឹកហ្វឺនដែលបានគ្រោងទុក៕