(ភ្នំពេញ)៖ «គណបក្សជំនាន់ថ្មី» ដែលសរសេរជាអក្សរកាត់ថា «គ.ជ.ថ» របស់លោក ប៉ាត មុន្នី តំណាងស្ថាបនិកគណបក្ស ត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតហើយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមលិខិតមួយរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សជំនាន់ថ្មី» ដែលសរសេរជាអក្សរកាត់ថា «គ.ជ.ថ» មានអាសយដ្ឋានទីស្នាក់ការកណ្ដាលនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប៉ុន្តែ ក្រសួងមហាផ្ទៃ ស្នើឱ្យតំណាងស្ថាបនិកគណបក្សត្រូវរៀបចំនូវសញ្ញាសម្គាល់របស់គណបក្សឡើងវិញ ដោយអនុលោមតាមការកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់កថាខណ្ឌទី៣ នៃ ច្បាប់នេះរួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។

ទន្ទឹមនេះដែរ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈ ជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សជំនាន់ថ្មីត្រូវ រៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា ១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕