(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៤ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ២០៤ដុល្លារក្នុង១ខែ ដែលក្នុងចំនួននេះ សម្តេចនាយករដ្ឋមន្ត្រីប្រកាសបន្ថែម ២ដុល្លារ។

គ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ចំពោះកម្មករកម្មការិនី, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមថវិកា២ដុល្លារលើប្រាក់ឈ្នួលដែលបានសម្រេច, ធ្វើឱ្យប្រាក់ខែគោលកម្មករនិយោជិតនៅឆ្នាំ២០២៤ កើនដល់ ២០៤ ដុល្លារ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ក្នុង១ខែ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារ ក្នុង១ខែ (កើន៤ដុល្លារ ប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម ២០០ដុល្លារ)។

មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១សម្លេង។

យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤។

ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ តាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិត គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។

ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយ នៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ ។

ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ»