(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Mariam J. Sherman នាយកប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការគម្រោងសំខាន់ៗមួយចំនួន ដោយមានការចូលរួមពី លោករដ្ឋលេខាធិការ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជំនួបនេះដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការគម្រោងសំខាន់ៗមួយចំនួន រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គម្រោងគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ គម្រោងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ លើការកែលម្អការផ្គត់ផ្គង់ទឹក និងអនាម័យ ការធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា ព្រមទាំងគម្រោងរៀបចំផែនការមេភស្តុភារកម្ម ការកសាងសមត្ថភាពធនធានមនុស្ស ដែលបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងធ្វើឱ្យប្រសើរឡើងគុណភាពនៃការរស់នៅ នៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍នា ក៏បានលើកឡើងពីការរីកចំរើននៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានដើរតួនាទីជាដៃគូសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើការគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់គម្រោងនានាផងដែរ៕