(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋ​មន្ត្រីថៃ បានបង្ហាញជំនឿចិត្តមុតមាំដូចគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងកាន់តែរីកចម្រើន និងរឹងមាំ ព្រមទាំងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរកាន់តែខ្លាំងក្លា។

ជំនឿចិត្តនេះត្រូវបានស្តែងឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោក សេដ្ឋា ថាវីស៊ីន នៅព្រឹកថ្ងៃ​នេះ បានផ្តើមទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។ នេះជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង​ហើយបន្ទាប់ពីរូបលោកទទួលបានសេចក្តីទុកចិត្តពីសភាថៃកាលពីថ្ងៃទី២២ ខែសីហា ឆ្នា២០២៣។

ដំណើរទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៊ីន នៅកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ​បំផុតពី​សំ​ណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន ទទួលបាន​សេច​ក្តីទុកចិត្តពីសភានៃប្រទេសរៀងខ្លួនៗក្នុងថ្ងៃតែមួយ។ ក្នុងថ្ងៃនោះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានហៅទូរស័ព្ទ​សាទរ​​គ្នាទៅវិញទៅមកផងដែរ។ កាយវិការនោះ បានស្តែងឱ្យឃើញពីទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាង​នាយក​រដ្ឋមន្ត្រីទាំងពីរ។

ក្នុងជំនួបទល់មុខនាព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក សេដ្ឋា ថាវីស៊ីន និង​គណៈប្រតិភូជាន់ខ្ពស់ មកកាន់កម្ពុជា។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះលោក នាយករដ្ឋមន្ត្រីថៃ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសដំបូងសម្រាប់​ការបំពេញទស្សនកិច្ចផ្លូវការ​របស់​លោក ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ។

សម្តេចធិបតី ក៏បានសម្តែងការអបអរសាទរជាថ្មី ជូនចំពោះលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបាន​ជ្រើស​តាំង​ជា​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយនឹងការជ្រើសសម្តេចធិបតី​ជានាយករដ្ឋ​មន្ត្រីរបស់​សម្តេច​ធិប​តីផងដែរ។

លោក សេដ្ឋា ថាវីស៊ីន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងបដិ​សណ្ឋា​​រកិច្ចដ៏កក់​ក្តៅ ប្រកបដោយភាតរភាព និងក៏បានអបអរសាទរដោយផ្ទាល់ចំពោះសម្តេចធិបតី ដែលត្រូវ​បានជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងស្និទ្ធស្នាល អំពីវិស័យនៃកិច្ច​សហ​ការ​ទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់​ទៅ​លើវិស័យ​គន្លឹះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ, កិច្ច​ការ​ទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនងប្រជាជន និងប្រជាជន, ការ​តភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវ​អាកាស, ផ្លូវរថភ្លើង និងផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោ​ប្រវេសន៍​រហូតដល់វិស័យសន្តិសុខឆ្លងដែន និងសន្តិសុខអនឡាញ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍​ទាំង​សង​ខាង។

សូមបញ្ជាក់ថា កម្ពុជា និងថៃបង្កើតទំនាក់ទំនងការទូតជាផ្លូវការ​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ទំនាក់ទំនង នេះ ត្រូវបានផ្អាកទៅវិញ​នៅឆ្នាំ១៩៦២ និងភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩១។ កម្ពុជា និងថៃ មានព្រំដែនជាប់គ្នា ប្រវែង​ប្រមាណ ៨១៧គីឡូម៉ែត្រ ខេត្តខ្មែរជាប់ព្រំដែនថៃ រួមមាន៖ កោះកុង ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ ព្រះវិហា​រ និងឧត្តរមានជ័យ។

បច្ចុប្បន្នកម្ពុជាមានច្រកទ្វារព្រំដែនជាមួយថៃ សរុបចំនួន ៤៣ច្រក ដើម្បី​សម្រួល​ដល់ការធ្វើដំណើរ ចេញ-ចូលរវាងប្រជាជន និងភ្ញៀវទេសចរ ការធ្វើ​ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ សេដ្ឋកិច្ច និងការដឹកជញ្ជូនរវាង​ប្រទេស​ទាំងពីរ។ ច្រកទាំង៤៣នេះ រួមមាន ច្រក​ទ្វារ​កំពង់ផែសមុទ្រចំនួន ៦ច្រក, ច្រកទ្វារអន្តរជាតិចំនួន ១១ច្រក, ច្រកទ្វារ​ទ្វេភាគីចំនួន ១ច្រក, និងច្រកទ្វារតំបន់ព្រំដែនចំនួន ១៤ច្រក។

ចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហ​ប្រតិ​បត្តិការ​ជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និង​ពង្រីក​​ឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត «ភាពជាដៃគូសន្តិភាព និងវិបុលភាព»។

កម្ពុជា និងថៃ ក៏ជាដៃគូពាណិជ្ជកម្មដ៏ធំផងដែរ។ ពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ ឆ្នាំ២០២២សម្រេចបានប្រមាណ ៤,៦៦ពាន់លានដុល្លារ (កម្ពុជានាំទៅថៃជាង ៨៣១លាន, នាំចូលពីថៃមានជិត ៤ពាន់លាន), ចាប់ពីខែមករា ដល់ខែសីហា ២០២៣ ទំហំពាណិជ្ជកម្មសរុបប្រមាណ ២,៥៨ពាន់លានដុល្លារ (កម្ពុជានាំទៅថៃ ៦៤៧លានដុល្លារ និងនាំចូលពីថៃជិត ២ពាន់លានដុល្លារ)។

កម្ពុជា និងប្រទេសថៃ មានបំណងសម្រេចការធ្វើពាណិជ្ជកម្មរួមគ្នាឱ្យបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។

តាមរយៈទំនាក់ទំនងនេះ ថៃ ក៏ជាប្រទេសដែលបានផ្តល់អាហារូបករណ៍​ជា​ច្រើ​ន​កន្លែងដល់និស្សិតកម្ពុជាផងដែរ។ ចាប់ពីឆ្នាំ១៩៩៥-ខែមីនា ឆ្នាំ​២០២៣ គម្រោងព្រះរាជឧបត្ថម្ភលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន មាននិស្សិតកម្ពុជាទទួលបានអាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចំនួនសរុប ៣,២៤០នាក់, ពី TICA ចំនួន ១១នាក់ និងផ្សេងៗចំនួន ១៩នាក់។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ និស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទាំងទទួលបានអាហារូបករណ៍ និងបង់​ប្រាក់​នៅប្រទេសថៃ មានចំនួន ១,៥២៨នាក់។

កម្ពុជា និងថៃ ក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាកិច្ចការជាច្រើនទៀត​លើ​ផ្នែកសន្តិសុខ និងការពារជាតិ វប្បធម៌ សុខាភិបាល ទេសចរណ៍ កសិកម្ម ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕