(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានលើកឡើងថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ និងផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាពិសេស ​ជួយអភិវឌ្ឍអាជីវកម្មខ្នាតមីក្រូ ដែលអាជីវកម្មទាំងនោះ ភាគច្រើន​គ្រប់គ្រងដោយស្ត្រីទាំងនៅទីក្រុង និងជនបទ​ តាមរយៈផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកកម្ពស់ស្រ្តីក្នុងវិស័យធុរកិច្ច។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលា​ពិគ្រោះយោបល់ អំពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ ២០២៣-២០២៨ ដែលសហការរៀបចំដោយស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកបានកត់សម្គាស់ថា ​ នៅ​កម្ពុជា សហគ្រាសខ្នាតតូច និងមធ្យម (SMEs) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ វិស័យនេះបានផ្ដល់ការងារ ចំនួន ៧០% នៃការងារសរុប ដែលនៅក្នុងនោះអត្រានៃស្ត្រីដែលជានិយោជិតមានប្រមាណ៥៨%។ បច្ចុប្បន្ននេះ អត្រានៃអាជីវកម្មរបស់ស្ត្រីមានប្រមាណ៦១% នៃអាជីវកម្មសរុប ហើយនេះជាអត្រាមួយ ដែលមានកម្រិតខ្ពស់បំផុត បើធៀបជាមួយ បណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោកបន្ថែមថា ​​សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​បានបន្តយកចិត្តទុកដាក់ជាអតិបរមាលើការលើកកម្ពស់សមភាព សមធម៌យេនឌ័រ នៅកម្ពុជា ដោយបានចាត់ទុក ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងបន្តជំរុញឱ្យមានការចូលរួមប្រកបដោយបរិយាបន្ន នៅគ្រប់ដំណើរការអភិវឌ្ឍន៍ជាតិ។ ​ ជាក់ស្ដែង កម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋភានេះ​ រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព​។ ទន្ទឹមនេះ ការលើកកម្ពស់សមភាពយេនឌ័រ ក៏ត្រូវបានដាក់បញ្ចូលជាសមាសភាគមួយនៃបញ្ចកោណទី៤៖ ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព, និងបរិយាប័ន្ន។ ​

​លោកមានប្រសាសន៍ទៀតថា៖«ក្រសួងប្តេជ្ញាក្នុងការជំរុញសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនៅក្នុងការងាររបស់យើង។ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះគឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកការសម្រេចគោលដៅនេះ។»

ផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួងក្នុងការដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រ ទៅកាន់កិច្ចការងារនានា និងធ្វើការឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រនៅក្នុងការងាររបស់ក្រសួង។ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ មានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិបទសង្គម ចំណុចអាទិភាព និងជាពិសេសដើម្បីអោយស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណសម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី។

​​លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាដៃគូជាមួយក្រសួង លើគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ យើងជឿជាក់ថា ផែនការយុទ្ធសាស្ត្រនេះ នឹងជួយដល់ស្រ្តីឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ​អូស្ត្រាលី ប្តេជ្ញាជួយដល់កម្ពុជា ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព»​៕