(ស្វាយរៀង)៖ អាជ្ញាធរសវនកម្មជាតិ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី «ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា» ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ នៃរដ្ឋបាលខេត្តស្វាយរៀង សរុបចំនួន ១៦៧នាក់នៅសាលប្រជុំ សណ្ឋាគារទន្លេវ៉ៃគោ ក្រុងស្វាយរៀង ។ 

អង្គសិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងលោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធសវនកម្មជាតិ និងមានការចូលរួមពីលោក ហ៊ូ វតនៈ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត។

ថ្លែងនៅក្នុងឱកាសនោះលោក សុខ រស់ បានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តស្វាយរៀង ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏វិសេសមួយក្នុងការស្វែងយល់អំពី ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិត អ៊ុក សារាវុធ បានថ្លែងគូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាប និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។

លោកបានបន្តថា យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិ អនុវត្តការងារសវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់លើ ៤ចំណុច សំខាន់ៗ រួមមាន៖ ទី១៖ សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ ទី២៖ ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣៖ ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ទី៤៖ ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង ស្រុក សង្កាត់ ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តស្វាយរៀង។

គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារនិងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា ព្រឹទ្ធសភា និង ចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕