(កំពង់ស្ពឺ)៖ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូពីសុខទុក្ខ និងនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនថាទីក្រុងឬជនបទ ចុងកាត់មាត់ញកឡើយ។

នេះបើយោងតាមលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក្នុងឱកាសដែលលោក អញ្ជើញសំណេះសំណាល និងចែកអំណោយដល់លោកយាយ លោកតា និងគ្រួសារដែលងាយរងគ្រោះចំនួន៦៤គ្រួសារ ស្ថិតនៅក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់ទទួលបានការគិតគូដូចគ្នាពីសំណាក់ កាកបាទក្រហមកម្ពុជា ទោះជាស្ថិតក្នុងនិន្នាការនយោបាយណាក៏ដោយ ហើយពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ រងគ្រោះដោយឧបទ្ទវហេតុរងគ្រោះដោយយថាហេតុផ្សេងៗ ទីទ័លក្រ មានជម្ងឺប្រចាំកាយ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កាកបាទក្រហមតែងតែជួយផ្តល់នូវស្បៀងអាហារ និងទីជម្រក ប្រើគ្រប់មធ្យោបាយផ្សេងៗ ដើម្បីឱ្យការរស់នៅរបស់បងប្អូនមានលក្ខណៈធូរស្រាល និងល្អប្រសើរ និយាយជារួមគឺមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ ដូចពាក្យស្លោក (ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។

ទន្ទឹមនិងនោះដែរ លោក វ៉ី សំណាង បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការដាំដុះ ចិញ្ចឹមសត្វដើម្បីបម្រើដល់ការហូបចុកប្រចាំថ្ងៃកាត់បន្ថយការចំណាយ។ ជាងនេះទៅទៀតត្រូវបង្កើនការថែទាំសុខភាព អនាម័យដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ៕