(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងស្តីពីគម្រោង «ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់និងរេចរឹលព្រៃឈើ» ឬហៅកាត់ថារេដបូក (REDD+) នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលជាគម្រោងលក់ឥណទានកាបូនធំបំផុតដំបូងគេ នៅក្នុងប្រទេសកម្ពុជា។
គម្រោងរេដបូក ដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតានេះ នឹងផ្តួចផ្តើមឱ្យមាននូវហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ការពារដែនជម្រកសត្វព្រៃកែវសីមា ដែលពីមុនត្រូវបានគេស្គាល់ថា ជាព្រៃការពារសីមា។ តំបន់ព្រៃដែលមានសារសំខាន់ ជាសកលមួយនេះ គឺជាជម្រករបស់ពពួកសត្វព្រៃ និងរុក្ខជាតិប្រមាណជាង៦០ប្រភេទ ដែលត្រូវបានចាត់ទុកថា ជាប្រភេទកំពុងរងគ្រោះ និងជិតផុតពូជ។ ដែនជម្រកសត្វព្រៃកែវសីមា ក៏ជាតំបន់មួយដែលមានសារសំខាន់ជាអន្តរជាតិផងដែរ សម្រាប់ការអភិរក្សពពួកសត្វពានរដូចជាស្វាកន្ទុយខ្មៅដែលមានចំនួនច្រើនជាងគេនៅលើសាលកលោក ទោចថ្ពាល់លឿង ពពួកខ្លា ដំរី ទន្សោង និងប្រភេទបក្សីមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ព្រៃដ៏ខៀវស្រងាត់មួយនេះក៏មានរក្សាទុកនូវកាបូនចំនួនរាប់លានតោនទៀតផង។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា៖ «កាលពីថ្ងៃទី២៧ ខែកក្កដា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្រកាសព័ត៌មានមួយ ស្តីពីការលក់ឥណទានកាបូន នៅដែនជម្រកសត្វព្រៃកែវសីមាទៅឱ្យក្រុមហ៊ុនឯកជនអន្តរជាតិមួយ។ នេះគឺជាផ្នែកមួយដ៏សំខាន់ នៃការលក់កាបូនក្នុងទ្រង់ទ្រាយធំ ជាលើកដំបូងរបស់ប្រទេសកម្ពុជា ដែលនឹងផ្តល់នូវហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាព សម្រាប់ដែនជម្រកសត្វព្រៃកែវសីមា»។
លោកបានបន្តថា៖ «នេះគឺជាជោគជ័យដ៏ធំមួយ សម្រាប់ការការពារព្រៃឈើនិងសត្វព្រៃ និងការអភិវឌ្ឍសហគមន៍នៅក្នុងប្រទេសកម្ពុជា ព្រមទាំងសម្រាប់ជាការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដល់ការខិតខំប្រឹងប្រែងក្នុងកិច្ចការងារនេះ»។
លោកបានបន្ថែមទៀតថា៖ «គម្រោងកាបូនរេដបូក នៅដែនជម្រកសត្វព្រៃកែវសីមា គឺតឹកតាងមួយបង្ហាញថាកម្ពុជាបានត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តការទូទាត់ផ្អែកលើលទ្ធផល ក្នុងក្របខ័ណ្ឌការកាត់បន្ថយឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ។ នេះគឺជាសក្ខីភាពមួយ ដែលបង្ហាញឱ្យឃើញអំពីលទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារព្រៃឈើ ការអភិរក្សជីវចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍»។
លោក វីល្លៀម ហៃដ៍ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «ការការពារព្រៃឈើរបស់ប្រទេសកម្ពុជា និងការជួយដល់កម្ពុជាក្នុងការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ គឺជាសកម្មភាពអាទិភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។
លោកបានបន្តថា៖ «នៅមានបញ្ហាសំខាន់មួយចំនួន ដែលនៅឆ្ងាយផុតពីព្រំដែនកម្ពុជាទៅទៀត។ ភាពជាដៃគូរវាងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា គឺជានិមិត្តរូបមួយដែលបង្ហាញពិភព លោកឱ្យឃើញអំពីគំនិតច្នៃប្រឌិតក្នុងការការពារភពផែនដី និងការជួយជ្រោមជ្រែងពីបណ្តាដៃគូនានា។ យើងពិតជាមានមោទនភាពដែលបានរួមចំណែកគាំទ្រក្នុងភាពជាដៃគូដ៏ល្អនេះ ហើយនឹងបន្តជួយបង្កើតយុទ្ធសាស្រ្តនានា ដែលអាចជួយការពារព្រៃឈើឱ្យរឹតតែមានគុណតម្លៃជាជាងការកាប់បំផ្លាញ»។
លោក រ៉ូស សិនខ្លែរ នាយកអង្គការសមាគមអភិរក្សសត្វព្រៃ បានគូសបញ្ជាក់ថា៖«ពិធីចុះហត្ថលេខានេះ គឺជាជោគជ័យមួយដ៏ធំធេងនៃការផ្តល់ហិរញ្ញប្បទានសម្រាប់អភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ជោគជ័យនេះស្តែងឱ្យឃើញពីភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការWCS សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍មានដូចជាទីភ្នាក់ងារUSAID»។
កិច្ចព្រមព្រៀងមួយនេះ នឹងមានរួមបញ្ចូលសកម្មភាពមួយចំនួនដែលអាចជួយការពារដែនជម្រកសត្វព្រៃកែវសីមា និងសហគមន៍ដែលកំពុងរស់នៅក្នុងនិងជុំវិញតំបន់ព្រៃមួយនេះ។ កិច្ចព្រមព្រៀងនេះ នឹងជួយគាំទ្រដល់សកម្មភាពអភិរក្ស និងគ្រប់គ្រងព្រៃឈើដែលរួមមានទាំងការបណ្តុះបណ្តាលមន្រ្តីរាជការអំពីការគ្រប់គ្រងព្រៃឈើ និងការពារសត្វព្រៃជាដើម។ ជាមួយគ្នានេះដែរ វាក៏នឹងជួយដល់ប្រជាសហគមន៍ដែលរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឈើនេះឱ្យទទួលបាននូវជីវភាពល្អប្រសើរតាមរយៈការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព។
គម្រោងកាបូនរេដបូកដែនជម្រកសត្វព្រៃកែវសីមាបានចាប់ដំណើរការនៅឆ្នាំ២០១០ ក្នុងភូមិ សាស្រ្តខេត្តមណ្ឌលគិរី និងក្រចេះ ហើយកំពុងអនុវត្តដោយក្រសួងបរិស្ថាន (កន្លងមករដ្ឋបាលព្រៃឈើ) និងអង្គការWCS ក្រោមជំនួយឧបត្ថម្ភពីគម្រោងគាំទ្រព្រៃឈើនិងជីវចម្រុះនៃទីភ្នាក់ងារUSAID ដែលជាគម្រោងមួយអនុវត្តដោយអង្គការវីនរ៉ក់អន្តរជាតិ និងម្ចាស់ជំនួយដទៃទៀត៕