(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ធចូលរួមអនុវត្តគោលការណ៍ និងនីតិវិធីបញ្ចុះថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម-កសិកម្ម ឱ្យសម្រេចបានតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនទីផ្សារការងារដល់ប្រជាពលរដ្ឋ។

ការស្នើសុំបែបនេះរបស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោករួមជាមួយលោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ផ្សព្វផ្សាយការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណថាមពលប្រើប្រាស់របស់អ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលតភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងបណ្តាញតង់ស្យុងខ្ពស់របស់បណ្តាញជាតិ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះដែរ លោក យឹម វិសិដ្ឋ បានលើកឡើងថា ទោះបីវត្ថុធាតុដើមសម្រាប់ផលិតអគ្គិសនី មានការឡើងថ្លៃ ដោយសារតែវិបត្តិកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន តែរាជរដ្ឋាភិបាលកម្ពុជា បានណែនាំមិនឱ្យឡើងថ្លៃអគ្គិសនី ហើយរាជរដ្ឋាភិបាលជួយចេញថ្លៃខាតឱ្យអគ្គិសនីកម្ពុជា ខ្ទង់១០០លានដុល្លារក្នុងមួយឆ្នាំ។ បន្ថែមពីនេះថ្មីៗរាជរដ្ឋាកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំការពិនិត្យសាកល្បងដើម្បីបញ្ចុះថ្លៃ ចំពោះអ្នកប្រើប្រាស់អគ្គិសនី ប្រភេទឧស្សាហកម្ម និងកសិកម្ម ថែមទៀត។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានស្នើសុំយ៉ាងដូច្នេះថា «ដើម្បីអនុ​វត្តយន្តការនេះបានភាគីពាក់ព័ន្ធទាំងអស់ មានអគ្គិសនីកម្ពុជា ជាអ្នកបោះមេ មានអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន នៅទូទាំងប្រទេសជាង៣០០នាក់ ហើយមានភាគីអ្នកប្រើប្រាស់ដែលជាភាគីពាក់ព័ន្ធក្នុងការអនុវត្ត ដើម្បីឱ្យការអនុវត្តយន្តការនេះដើរដោយរលូនទាល់តែភាគីពាក់ព័ន្ធទាំងអស់ យល់ឱ្យបានច្បាស់ទាំងអស់គ្នា»

បន្ថែមពីនេះលោក យឹម វិសិដ្ឋ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីដែលយល់ថា ការប្រើប្រាស់អគ្គិសនី រោងចក្រ-សហគ្រាសរបស់ខ្លួន ស្របតាមលក្ខខណ្ឌអាចស្នើសុំទៅអ្នកផ្គត់ផ្គង់ ដែលឋិតនៅតំបន់ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះតម្លៃ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះ បានគូសបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តគោលការណ៍ឱ្យមានប្រសិទ្ធភាពនោះ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានបង្កើតក្រុមការងារចម្រុះ EAC-EDC ដើម្បីជួយសម្របសម្រួល ពន្យល់ បំភ្លឺ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងគោលការណ៍ និងនីតិវិធីនៃការអនុវត្តបញ្ចុះថ្លៃអគ្គិសនី។

សូមជម្រាបថា ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ ដំណោះស្រាយភ្លាមៗនេះ បានឡើងតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី១៩ ខែកញ្ញា នៅក្នុងខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់។

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លើមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលា និងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់ លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

* បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។

* បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិរយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

* អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។

គួរជម្រាបថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕