(ភ្នំពេញ)៖ «អាភ្លេចកំណើត អាអត់កំណើត» គឺជាពាក្យគ្រាមភាសាដែលជនជាតិខ្មែរ តែងតែប្រើសំរាប់ការដាក់ទំនាយដាក់បណ្ដាសារ ទៅលើកូនចៅ សាច់ញាតិដែលរមឹលគុណ បង្កផលលំបាកដល់ ក្រុមគ្រួសារ និងសាច់ញាតិនិយាយមិនស្ដាប់ កែមិនឡើងជាដើម។
ពាក្យ «តិរច្ឆាន» គឺជាពាក្យដែលជនជាតិខ្មែរ ហៅសំដៅទៅលើកូនចៅ សាច់ញាតិណាដែលមានចរិតកោងកាច មានចរិតសាហាវ មានចរិតច្រឡោម ខាងហួសនិស្ស័យ មិនស្ដាប់ដំបូន្មានឪពុកម្ដាយ មិនស្គាល់គុណទោស ល្អ អាក្រក់ជាដើម ។ល។ ពាក្យ «តិរច្ឆាន» ដែលជាពាក្យប្រមាថនេះជនជាតិខ្មែរកម្រ នឹងប្រើទៅលើកូនចៅ សាច់ញាតិ ឬអ្នកមានដើមកំណើតដូចគ្នាណាស់ ព្រោះសូម្បីតែសត្វខ្លះដែលស៊ីសាច់ជាអាហារក៏ពិតមែន តែបើជាប្រភេទសត្វស្លូត សត្វមិនសំលាប់សត្វគ្នាឯង ដើម្បីស៊ីសាច់ចំអែតក្រពះខ្លួនឯងទេ ក៏គេមិនប្រមាថ ហៅជាសត្វតិរច្ឆាននោះដែរ។
ដូច្នេះពាក្យ «តិរច្ឆាន» សំរាប់ជនជាតិខ្មែរគឺជាការប្រមាថមួយដ៏ធ្ងន់ធ្ងរបំផុត ទោះជាគេខឹងគ្នា គេស្អប់គ្នា ឬមនុស្សអាក្រក់យ៉ាងណា យ៉ាងច្រើនគេជេរ គេហៅអារមឹលគុណ អាអត់កំណើត អាឆ្កែ អាឆ្មាតែប៉ុណ្ណោះ គេកម្រប្រមាថជេរ ឬហៅអាតិរច្ឆានណាស់ ព្រោះពាក្យតិរច្ឆានគ្មានអ្នកណាម្នាក់ទទួលយកបានឡើយ។ ប៉ុន្តែសំរាប់លោក ហុង លីម ដែលជាតំណាងរាស្ត្រ របស់ប្រទេសអូស្ត្រាលីមានដើមកំណើតខ្មែរវិញ ទោះបីជាលោកកើតជា និងរស់នៅក្នុងសង្គមខ្មែរ មានការរៀនចេះដឹងស្គាល់ពីវប្បធម៌ អរiយធម៌ខ្មែរច្បាស់មុននឹង លោកចាកចេញពីមាតុភូមិកំណើតទៅរស់នៅប្រទេសស៊ីវីល័យ ទៅហើយក្ដី តែលោកមិនខ្លាច នឹងប្រើពាក្យប្រមាថ «តិរច្ឆាន» មកលើប្រទេស និងជាតិសាសន៏កំណើតរបស់ខ្លួនឯងឡើយ។
តើលោក ហុង លីម ជាមនុស្សប្រភេទណា ជាបញ្ញាជន ជាអ្នកសងគុណ ឬជាអ្នកសងទោស? លោកត្រូវបានគេដឹងថា មុននឹងក្លាយទៅជា សត្វមេអំបៅដែលមានស្លាប រូបឆោមឡោម ពណ៌ល្អអាចហោះហើរឆ្វែឆ្វាត់ នៅលើអាកាសគយគន់ទេសភាពធម្មជាតិនៅខាងក្រោមបាន ដោយមានសេរីភាពពេញទីដូចសព្វថ្ងៃនេះក៏ពិតមែន តែលោកក៏ធ្លាប់ឆ្លងកាត់ជាសត្វដង្កូវ គ្មានស្លាបមានជើង ត្រឹមតែវារគើមៗនៅតាមដើមឈើ ហើយលោកក៏ធ្លាប់ត្រូវគេដៀលគេប្រមាថថា ជាពូជអាសត្វដង្កូវចង្រៃ មនុស្សមិនចង់ជួប កើតមកចាំតែស៊ីបំផ្លាញផលដំណាំគេដូចតែគ្នាទេ។
ដូចនេះបើលោកមានស្លាបអាចហិចហើរបាន មានមនុស្សចូលចិត្ត អាចមើលឃើញពិភពលោកខាងក្រៅដោយសេរីហើយ លោកគួរតែពាំនាំនូវទិដ្ឋភាពរីករាយទាំង អស់នោះមកប្រាប់សណ្ដានដង្កូវរបស់លោកដែលគ្នាគ្មានស្លាបហើរ ឲ្យគ្នាបានដឹង បានចេះ និងបានទទួលផលពីការខិតខំរបស់មេដង្កូវដែលជាអ្នកខិតខំ បង្កើតក្បាលរបស់លោកចេញមកឲ្យបានឃើញពន្លឺថ្ងៃ ដុះស្លាបហិចហើរបានដោយសេរីផង។ លោកមិនគួរសងគុណ ដោយការជេរប្រមាថពូជអំបូរខ្លួនឯង ប្រើសុទ្ធតែពាក្យ «តិរច្ឆាន» បែបនេះទេ៕