(ភ្នំពេញ)៖ កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

ក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល២នាក់ ជិះម៉ូតូ១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់ និងឆែកឆេរពលរដ្ឋរកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣។

ករណីថ្មីទៀត មានជនសង្ស័យម្នាក់ទៀត មិនត្រឹមតែក្លែងបន្លំជា សមត្ថកិច្ចអាវុធហត្ថ ប៉ុណ្ណោះទេ ថែមទាំងក្លែងជានគរបាលផង និងមេធាវីថែមទៀតផង ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ ជាអាជីព តាមរយៈបណ្តាញសង្គមតេឡេក្រាម និងហ្វេសបុក ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលក់កាហ្វេ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផៅ ផានិត អាយុ២៧ឆ្នាំ បានសារភាពឲ្យដឹងថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមហ្វេសប៊ុក និងប្រព័ន្ធតេឡេក្រាម បានសម្រេចចំនួន៧លើក រួចមកហើយ ក្រោមរូបភាព យករូបជាសមត្ថកិច្ចកងរាជអាវុធហត្ថ, នគរបាល និងមេធាវី មកដាក់តាំងនៅលើ ប្រូហ្វាល់តេឡេក្រាម របស់ខ្លួន រួមមាន៖ ឈ្មោះ CHAN SEIHA ប្រើលេខ ទូរស័ព្ទ ០៩៦ ៧៥៧ ៧៩១៩, ឈ្មោះ CHAN THY ប្រើលេខ ទូរស័ព្ទ ០៦០ ៤១១ ៦៦០, តាំងរូបក្លែងជាមេធាវីប្រើលេខទូរស័ព្ទ ០១៦ ៦២២ ៣៣៧ និងរូបគណនីផ្ទាល់ខ្លួន មានឈ្មោះ PHIL LIP ហើយហ្វេសប៊ុករបស់ខ្លួនផ្ទាល់ឈ្មោះ PHILLIPS PN ដោយដាក់តាំងរូបជាជនបរទេស ដើម្បីចូលទៅតាមដាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងគ្រុបតេឡេក្រាមជាដើម។

ប្រសិនបើមានជនរងគ្រោះណា ផុសព័ត៌មាននៅក្នុងបណ្តាញសង្គមទាំងនោះថាមាន ករណីបាត់ឆ្កែ, បាត់ម៉ូតូ ឬ ចោរឆក់ទូរស័ព្ទ នោះរូបខ្លួននឹងធ្វើការទំនាក់ទំនងទៅសុំលេខទូរស័ព្ទ និងតេឡេក្រាមពីជនរងគ្រោះ ដើម្បីឆាតទៅសួរនាំជនរងគ្រោះពីរឿងហេតុ រួចខ្លួនបានឲ្យពួកគាត់វេរប្រាក់ ដើម្បីជួយស្រាវជ្រាវរករបស់ដែលបានបាត់ ហើយខ្លួនបានឲ្យជនរងគ្រោះ ផ្ញើប្រាក់តាមរយៈសេវាវីង និង ABA របស់ខ្លួនផ្ទាល់ ដែលមានលេខ 006 095 596 និងមានគណនីឈ្មោះ PHANITH PHAO។ ជនសង្ស័យបន្ថែមទៀតថា ខ្លួនប្រព្រឹត្តអំពើទាំងនេះតែម្នាក់ឯងនោះទេ ដោយពុំមានបក្ខពួកណាចូលរួមឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕