(កណ្ដាល)៖ រដូវបិទនេសាទឆ្នាំនេះ ដែលគិតចាប់តាំងពីខែមិថុនា រហូតមកដល់ពេលបច្ចុប្បន្ន ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវត្រីពង កូនរួមទាំងរឹបអូសយកឧបករណ៏ នេសាទល្មើសច្បាប់ និងធ្វើការផាកពិន័យ បានមួយចំនួនធំផងដែរ។

លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្ដាលបានថ្លែង ប្រាប់អង្គភាពព័ត៏មាន Fresh News នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៦ នេះ អោយដឹងថាគិតចាប់តាំងពី រដូវបិទនេសាទឈានចូលមកដល់ មន្ត្រីរដ្ឋបាលជលផលរបស់ លោកបានបើកយុទ្ធនាការ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ គ្រប់ប្រភេទនៅទូទាំងខេត្ត ជាពិសេសបទល្មើសដាក់ដាយ ដាក់ស្បៃមុងចាប់កូនត្រី តែម្ដងដែលតែងតែកើតមាន នៅតាមបឹង ព្រែក និងទន្លេជាដើមដោយទទួលបានលទ្ធផល គួរអោយកត់សំគាល់។

ក្នុងនោះគ្រាន់តែ ក្នុងរយៈពេលមួយខែពីរនេះ កម្លាំងរដ្ឋបាលជលផល ខេត្តកណ្ដាលបង្ក្រាបបានឧបករណ៏ នេសាទល្មើសច្បាប់រួមមាន សៃយឺនស្បៃមុង ១៣៥ មាត់ របាំងប្រួលស្បៃមុង ប្រវែង ២០,៣៣៣ ម៉ែត្រ លបនរកឬលបពោះវៀនជ្រូក ១១៦គ្រឿង បង្គោលរបាំង១៨៧៨ដើម លបត្រីរ៉ស់ ៤០គ្រឿង និងរឹបអូសយកមធ្យោបាយ ល្មើសរួមមានទូក៧គ្រឿង ម៉ាស៊ីនទូក ៦គ្រឿង រួមទាំងឧបករណ៏ និងសម្ភារៈនេសាទ មួយចំនួនធំទៀត ហើយធ្វើការព្រលែងកូនត្រីចំរុះចំនួន ១០៥ គីឡូក្រាម និងកូនត្រីប្រាម្សៅចំនួន ១លាន ៣សែនក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ។

ក្រៅពីការបង្ក្រាបការនេសាទល្មើសច្បាប់ ខាងលើ កម្លាំងជលផលខេត្តកណ្ដាល ក៏បានបង្ក្រាបបទល្មើស ជីកយកអាចម៏ដី នៅក្នុងដែនឡូត៏នេសាទ បានចំនួន ២ករណី ដោយធ្វើការផាកពិន័យ បានថវិកាចំនួន ១០លានរៀល បង់ចូលរដ្ឋផងដែរ៕