(ភ្នំពេញ)៖ បេក្ខជន បេក្ខនារីទាំងអស់ អាចចូលរួមដាក់ពាក្យប្រកួតប្រជែង ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៧ «I Am a Role Model 7th» ដើម្បីបង្ហាញនិងចែករំលែកអំពើល្អ នៃសកម្មភាពមនុស្សធម៌ ក្នុងសង្គមជាតិដែលជាគំរូល្អ ដល់យុវជននិងប្រជាពលរដ្ឋ ទូទៅ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់ឲ្យដឹង នៅលើ Facebook Page សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅមុននេះបន្តិច។
គួរបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងគោល បំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូប ឲ្យចូលរួមកសាងអំពើល្អឲ្យកាន់តែច្រើនឡើងៗ នៅក្នុងសង្គម និងជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
ជាការកត់សំគាល់ ដើម្បីចូលរួមនៅក្នុងការប្រកួត កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» គឺបេក្ខជន និងបេក្ខនារី ទាំងអស់ត្រូវបំពេញលក្ខខណ្ឌ ចូលរួមដូចខាងក្រោម៖
១-ត្រូវមាន Facebook Account ប្រើឈ្មោះ និងរូបថតពិតប្រាកដ
២-Like/Share Page សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
៣-ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម
៤-ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា
៥-មិនមែនគ្រាន់តែជាគំនិតស្រមើស្រមៃ
៦-មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ
៧-ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ១០ (Top1-Top 10) ក្នុងកម្មវិធីនេះ ពីមុនមកគឺមិនអាចចូលរួមប្រកួតប្រជែង បានឡើយ។ សូម Upload វីដេអូឃ្លីប (Video Clip), ចម្រៀង, កំណាព្យ និងរូបភាព មកកាន់គេហទំព័រ សម្តេចតេជោដើម្បីចូលរួម ប្រកួតប្រជែងនៅថ្ងៃនេះ។
ព័ត៌មានបន្ថែម សូមអានការណែនាំបន្ថែមក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម http://spm.samdechhunsen.gov.kh/login.php៕