(សៀមរាប)៖ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួក ដឹកនាំដោយលោក ឈរ ថាណាត អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរ អំពីសិទ្ធិនៃការគ្រប់គ្រងដីធ្លី ព្រមទាំងបានបញ្ជាក់ប្រាប់ពីតួនាទីយ៉ាងសំខាន់ របស់អ្នករស់នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប នៅព្រឹកទី១១ ខែសីហា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះដែរ លោក ឈរ ថាណាត បានថ្លែងថា អ្នកអង្គរត្រូវតែយល់ដឹងពីតួនាទីរបស់ខ្លួន ក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដោយសារតែអ្នកស្រុកអង្គរ ជាអ្នករស់នៅអចិន្ត្រៃយ៍ជាមួយប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ។
លោកបានបញ្ជាក់ថា ពួកគាត់មានតួនាទីចូលរួមចំណែកយ៉ាងធំ ក្នុងការរក្សាបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ហើយអង្គរជាបេតិកភណ្ឌរស់ ប្រជាពលរដ្ឋដែលរស់នៅទីនេះ ជាអ្នកបន្តមរតកវប្បធម៌ដូចជា ទំនៀមទម្លាប់ប្រពៃណី តន្ត្រី សិល្បៈ ជំនឿសាសនាជាដើម រាល់សកម្មភាពទាំងនេះហើយ ដែលបានជម្រុញឱ្យប្រជាពលរដ្ឋ បានក្លាយជាអ្នកចូលរួមយ៉ាងសំខាន់ ក្នុងការថែរក្សាបេតិកភណ្ឌ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោក បន្តថា ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានឈរលើគោលការណ៍ អភិរក្ស ដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស ព្រោះធម្មជាតិ មនុស្ស និងវប្បធម៌ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ នៅក្នុងធម្មជាតិរយៈពេលរាប់ពាន់ឆ្នាំ មនុស្សក៏ចាប់កំណើតឡើង ហើយមនុស្ស គឺជាប្រភពនៃវប្បធម៌។ លោកបន្ថែមថា «ហេតុនេះ យើងត្រូវចូលរួមគ្នាដើម្បីថែរក្សាការពារ និងអភិរក្សប្រកបដោយចីរភាពនូវធម្មជាតិ និងវប្បធម៌»។
ជាមួយគ្នានេះ លោកបានលើកឡើង អំពីខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលបានចែងត្រង់ប្រការ២ ត្រូវបានកំណត់អំពីការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរដូចជា៖
ទី១-ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ។
ទី២-ប្រជាពលរដ្ឋអាចរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មី ជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរអប្សរា។
ទី៣-ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតកទៅឱ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នា ដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមលើសកម្មភាពទិញលក់ដីរបស់ឈ្មួញ ក្នុងគោលដៅ ធ្វើអាជីវកម្មយកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេជាដើម។ល។
សូមបញ្ជាក់ថា ក្នុងដំណើរនៃការចុះផ្សព្វផ្សាយនោះដែរ ក្រុមការងារបានអនុញ្ញាតឱ្យមានការរុះរើ ជួសជុល សាងសង់ រុះរើផ្ទះចាស់ សង់ផ្ទះថ្មី២កន្លែង និងសាងសង់រោងដាក់សត្វគោមួយកន្លែងផងដែរ។
ដើម្បីជាការឆ្លើយតប លោកស្រី ស៊ុន ចាន់នី និងគ្រួសាររស់ នៅភូមិជ្រលង បានថ្លែងថា លោកស្រីសប្បាយចិត្តណាស់ ចំពោះអាជ្ញាធរជាតិអប្សរា ដែលបានអនុញ្ញាតឱ្យក្រុមគ្រួសារ របស់លោកស្រីរុះសើ ផ្ទះចាស់ សាងសង់ផ្ទះថ្មី។ អ្នកស្រី ក៏បានផ្តាំទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរថា មុននឹងរុះរើ ឬសាងសង់សំណង់ អ្វីមួយគួរតែដាក់ពាក្យសុំការអនុញ្ញាត ជាមុនពីអាជ្ញាធរជាតិអប្សរា ដើម្បីជៀសវាងការសាងសង់ខុសច្បាប់ ដែលនាំឱ្យមានផលប៉ះពាល់តំបន់អង្គរ។
ក្នុងនោះដែរ លោក ហេង ហាច ជាប្រជាពលរដ្ឋរស់នៅភូមិអំពិលពាម បានលើកឡើងថា គាត់សប្បាយចិត្តណាស់ ដែលទទួលបានសិទ្ធិ ក្នុងការសាងសង់រោងគោពីអាជ្ញាធរជាតិអប្សរា ហើយលោកក៏បាន ថ្លែងអំណរគុណផងដែរ ចំពោះក្រុមការងារអាជ្ញាធរជាតិអប្សរា និងស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល៕