(ភ្នំពេញ)៖ សមាគមយុវជនខ្មែរមហានគរ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា ដំណើរបេសសកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញឲ្យអន្តរជាតិដឹង អំពីវឌ្ឍនភាពសង្គម និងកិត្យានុភាពរបស់ប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ស្របពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងមានសេចក្តីរីករាយសាទរ ជាទីមោទនភាពបំផុត ចំពោះ រមណីយដ្ឋាន ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃ១៧ កញ្ញា ២០២៣ សមិទ្ធិផលដ៏ធំធេងមួយទៀតគឺ សម្ដេចធិបតី ហ៊ុន ម៉ាណ បាននាំយកមកនូវកិត្តិយសជូនជាតិមាតុភូមិក្នុង កំឡុងពេលទៅបំពេញបេសសកម្មនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣កន្លង ទៅថ្មីៗនេះ។

សម្ដេចធិបតី បានបង្ហាញឲ្យអន្តរជាតិដឹងអំពីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញ វត្តមាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រី ចំពោះមុខបណ្ដាប្រទេសដែលជាសមាជិកអង្គការសហ ប្រជាជាតិលើកដំបូង។ ជាពិសេសជាងនេះទៅទៀត សម្ដេចធិបតី បានទទួលជោគជ័យក្នុងការបង្ហាញឲ្យសហរដ្ឋ អាមេរិកយល់ពីកម្ពុជានិងបានផ្តល់នូវជំនួយមកឲ្យកម្ពុជាជាបន្តបន្ទាប់ រួមនឹងកិច្ចការទាក់ទាញដៃគូវិនិយោគមកប្រទេសកម្ពុជាផងដែរ។

ក្នុងនាមជាយុវជន សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ពិតជាមានមោទនភាពបំផុត ក្រោមកិច្ច ខំប្រឹងប្រែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ ដឹកនាំកំពូលវ័យក្មេងឈ្លាសវៃ និងប៉ិនប្រសព្វបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ ជាពិសេស គោលនយោបាយ បញ្ចកោណ ដំណាក់កាលទី១ និងវិធាននានា មិនយូរមិនឆាប់ប្រទេសកម្ពុជា និងរីកចម្រើនជាលំដាប់។

យើងខ្ញុំជាយុវជនសង្គមស៊ីវិល និងប្រជាជនខ្មែរ មានជំនឿចិត្តយ៉ាងមុតមាំចំពោះ នាយករដ្ឋមន្តី សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ពិសេសក្នុងដំណើរជំនួបការទូតនានា ពេលចូលរួមមហាសន្និបាត អង្គការសហ ប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយសម្ដេចធិបតី បានបញ្ជាក់ពីការពង្រឹងបន្ថែមទៀត នៃការ ប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាពជាចក្ខុវិស័យសម្រាប់អនាគត៕