(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចរួចហើយថា ច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺស្របនឹងរដ្ឋធម្មនុញ្ញ។
នៅថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពលើច្បាប់ទាង២។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា៖
១៖ ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ
២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។
២៖ ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤ ខែ
កញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ៕