(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ២៧ខែកញ្ញាឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានអនុញ្ញាតឱ្យកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។

ជាកិច្ចចាប់ផ្តើមកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន បានគោរពជម្រាបជូន លោករដ្ឋមន្រ្តីក្រសួងព័ត៌មានថា វិទ្យុមិត្តភាពកម្ពុជាចិនបានចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជាផងដែរ។

កញ្ញាបន្តថាអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនភាសាអង់គ្លេសហៅថា China Media Group (CMG) គឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានទ្រង់ទ្រាយធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTN ជាដើម បានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង១.៤ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិតាមដានជាប្រចាំ រាប់ពាន់លាននាក់។

កញ្ញា Yao Shiya បានបន្តថា វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយជូនជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃទីអាទិត្យចាប់ពីវេលាម៉ោង៦ព្រឹករហូតដល់ម៉ោង ១២អធ្រាត្រ ដែលមានរយៈពេលផ្សាយគឺ១៨ម៉ោងក្នុងមួយថ្ងៃ តាមរយៈរលកអាកាស FM96.5MHz នៅរាជធានីភ្នំពេញ និង FM105MHz នៅខេត្តសៀមរាប។

ទន្ទឹមនឹងនោះ វិទ្យុមិត្តភាពកម្ពុជាចិនក៏មានរាយការណ៍ព័ត៌មានរបស់ខ្លួនដែលផលិតបាន និងវីដេអូ ក្រាហ្វិកផ្សាយតាមរយៈគេហទំព័រ cambodian.cri.cn និងគណនីហ្វេសប៊ុក ccfr របស់ខ្លួនផងដែរ ដែលកំពុងតែទទួលបាននូវការពេញនិយម និងជាទីស្រឡាញ់ពេញចិត្តរបស់ប្រជាជនកម្ពុជាយ៉ាងច្រើន។ វិទ្យុមិត្តភាពកម្ពុជាចិនបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាន ជំរុញការស្វែងយល់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាព ដែលមានប្រវត្តិដ៏យូរអង្វែងមកហើយនោះឱ្យកាន់តែស៊ីជម្រៅ ក្នុងអត្ថន័យបញ្ជូននូវមនោសញ្ចេតនាមេត្រីភាព និងមិត្តភាពរបស់ប្រជាជាតិចិនទៅដល់ប្រិយមិត្តអ្នកស្ដាប់កម្ពុជា ដោយមិនស្វែងរកប្រាក់ចំណេញ។

ខ្លឹមសារនៃការផ្សាយរួមមាន ព័ត៌មានថ្មីៗសំខាន់ៗជុំវិញកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ព័ត៌មាន ជាតិនិងអន្តរជាតិ បទវិភាគប្រចាំថ្ងៃអំពីព្រឹត្តិការណ៍បច្ចុប្បន្នភាពដោយវាគ្មិនល្បីៗ ការបង្រៀនភាសាចិន ការអប់រំ តន្ត្រីបន្ធូរអារម្មណ៍ និងចំណេះដឹងទូទៅល្អៗ …ដែលមានចំនួន១០កម្មវិធីផ្សាយ ដូចជា៖ កម្មវិធីអរុណសួស្តីព័ត៌មាន ជីវិតទាន់សម័យ នីហាវកម្ពុជាចិន ១០០នាទីនៃភាសារចិន វិភាគព័ត៌មានថ្ងៃនេះ និងកម្មវិធីពីនេះពីនោះពីប្រទេសចិន (សហការជាមួយវិទ្យុជាតិកម្ពុជា)និងកម្មវិធីផ្តល់នូវចំណេះដឹង ការអប់រំ និងភាពសប្បាយរីករាយច្រើនទៀត។

ហើយថ្មីៗនេះ យើងក៏មានបង្កើតកម្មវិធីចំនួនពីរបន្ថែមទៀត សម្រាប់ផ្សព្វផ្សាយនៅលើផេកផ្លូវការរបស់វិទ្យុមិត្តភាពកម្ពុជាចិន (CCFR) ដូចជា កម្មវិធី សូមយ៉ាយ៉ាឆ្លើយ និងកម្មវិធីជជែកជាមួយភ្ញៀវយុវជន ដែលផ្តល់ឱកាសឱ្យយុវជនវ័យក្មេងតាមក្រសួងស្ថាប័ន មន្ទីរ ក្រុមហ៊ុនសហគ្រាសចូលរួមជាភ្ញៀវកិត្តិយសដើម្បីផ្តាស់ប្តូរមតិយោបល់ ជុំវិញវិញប្រធានបទក្តៅ និងសារៈសំខាន់នានាពេលបញ្ចុប្បន្ននេះ។ ក្រៅពីនោះ វិទ្យុមិត្តភាពកម្ពុជាចិន ក៏បានផលិត និងរៀបចំព្រឹត្តិការណ៍សំខាន់ៗដូចជា ៖ ស្នាមញញ្ញឹមកម្ពុជា ដំណើរការថ្មីនៃប្រទេសចិន ប្រទេសចិនដ៏ស្រស់ស្អាតជាដើម។

ជាមួយគ្នានេះដែរកញ្ញា ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន ក៏បានជម្រាបជូនលោកមរដ្ឋមន្ត្រីថា នៅក្នុង ឱកាសនៃពិធីបុណ្យសែននំព្រះខែដែលជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិន ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ តំណាងឱ្យវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) កញ្ញាបានគោរពជូនពរ ដល់រដ្ឋមន្ត្រី និងមន្ត្រីរាជការក្រសួងព័ត៌មានឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងកិច្ចការងារបម្រើជាតិមាតុភូមិ ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញការគាំទ្រចំពោះដំណើរការផ្សព្វផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន ព្រោះនេះជាផ្នែកមួយជួយប្រជាជនកម្ពុជាបានយល់បន្ថែមពីប្រពៃណីវប្បធម៌របស់ចិន ហើយចិនក៏បានយល់ពីវប្បធម៌ របស់កម្ពុជាវិញផងដែរ។ លោករដ្ឋមន្ត្រីបានអនុញ្ញាត និងលើកទឹកចិត្តឱ្យវិទ្យុមិត្តភាពកម្ពុជាពង្រីកការផ្សាយរបស់ខ្លួនតាមរយៈ APPក្រសួងព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានិងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសថែមទៀត។

ម៉្យាវិញទៀត ការផ្សព្វផ្សាយជាមួយបណ្តាញព័ត៌មានរបស់ក្រសួងព័ត៌មាននេះ ក៏ជាការជំរុញនូវកិច្ចសប្រតិបត្តិការគ្រប់ជ្រុងជ្រោយ របស់រាជដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនឱ្យកាន់តែស៊ីជម្រៅ ជាពិសេសយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ ដែលជាគម្រោងផ្តួចផ្តើមឡើងដោយប្រទេសចិន ហើយផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសក្នុងតំបន់។ ជុំវិញការងារនេះ លោករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យប្រធានវិទ្យុមិត្តភាពកម្ពុជាចិនធ្វើការជាមួយលោក ហួត ឃៀងវេង រដ្ឋលេខាធិការ ទទួលបន្ទុកប្រធាន APP ក្រសួងព័ត៌មានបន្ថែមទៀត ដើម្បីបានដឹងពីបច្ចេកទេសផ្សព្វផ្សាយ ដើម្បីឱ្យអ្នកមើល អ្នកស្តាប់ចូលក្នុងAPPក្រសួងព័ត៌មាន ក៏អាចចូលស្តាប់ និងទស្សនាវិទ្យុមិត្តភាពកម្ពុជាចិនផងដែរ។

ជាមួយគ្នានេះ លោកបានស្នើឱ្យវិទ្យុមិត្តភាពកម្ពុជាចិនជួយបង្កើនការផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសកិច្ចសហប្រតិប្រតិបត្តិការ រវាងកម្ពុជា និងចិនទាក់ទងទៅនឹងសក្តានុពលទេសចរណ៍។ មួយវិញទៀត ការផ្សព្វផ្សាយនេះ នឹងជំរុញឱ្យប្រជាជននៃប្រទេសយើងទាំងពីកាន់តែបានស្វែងយល់ពីវប្បធម៌ អរិយធម៌ វិស័យសេដ្ឋកិច្ចគ្នាទៅវិញទៅមកផងដែរ ព្រោះចិននិងកម្ពុជាគឺជាមិត្តដែកថែប។

លោករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលបានរៀបចំនៅទីក្រុងហាងចូវប្រទេសចិន ដោយលោកបានបញ្ជាក់ថា បណ្តាញព័ត៌មានរដ្ឋមានវិទ្យុជាតិAKP ទទក APPក្រសួងព័ត៌មាន និងបណ្តាញព័ត៌មានក្នុងស្រុកបានចូលរួមផ្សព្វផ្សាយផងដែរ។ ទៅថ្ងៃអនាគតក្រសួងព័ត៌មាននឹងសុំការគាំទ្រ ពីភាគីចិនក្នុងការចូលរួមយកព័ត៌មាននេះនៅប្រទេសចិន។ ជាមួយគ្នានេះ លោកក៏បានជូនពរដល់ដល់ព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេសនៅអាស៊ី ដែលបានចូលរួមប្រកួតរួមទាំងកម្ពុជាផងដែរ។

ជាចុងក្រោយលោកមរដ្ឋមន្ត្រីបានបញ្ជាក់ជំហរថា ក្រសួងព័ត៌មានបន្តគាំទ្រ នឹងត្រៀមធ្វើកិច្ចសហប្រតិបត្តិការជាមួយ ថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជាចិន ដើម្បីធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិនកាន់តែមានការរីកចម្រើន បម្រើផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន