Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានការណ៍​មិន​ស្រួល!​ លោក ​ពូទីន​ កំពុង​រៀប​ចំ​បង្កើន​កម្លាំង​និង​សព្វាវុធ​នៅ​តាម​ព្រំដែន​ជា​ប់អ៊ុយក្រែ​ន​ ខណៈ​អគ្គ​មេបញ្ជាការ​ទ័ព​អ៊ុយក្រែន​ អះ​អាង​ថា​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ការពារ​ជាតិ

11-08-2016 15:59

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានរៀបចំកិច្ចប្រជុំពិសេសមួយជាមួយនឹងក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីធ្វើការពិភាក្សាស្វែងរក ដំណោះស្រាយសន្តិសុខបន្ថែម ចំពោះតំបន់គ្រីមា បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយនឹង ក្រុមកងកម្លាំងសម្ងាត់ដែលរុស្ស៊ីអះអាងថាមកពីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ សារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។

តាមព័ត៌មានដែលទទួលបានពីវិមានក្រិមឡាំង ប្រទេសរុស្ស៊ីកំពុងតែពិចារណាលើការ បង្កើនកម្លាំងនិងសព្វាវុធ ដើម្បីការពារសន្តិសុខនៅតាមដែនសមុទ្រ និងព្រំដែនជាប់ប្រទេសអ៊ុយក្រែន។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍ ដដែលនេះអគ្គមេបញ្ជាការទ័ពអ៊ុយក្រែនលោក Vladislav Seleznyov បានប្រាប់ Reuters ថាយោធាអ៊ុយក្រែន មានសមត្ថភាពនិងធនធានគ្រប់គ្រាន់ក្នុងការការពារខ្លួន ហើយនិងកំពុងតាមដានស្ថានការណ៍ជាប់ជានិច្ច ទៅលើតំបន់ព័ទ្ធជុំវិញឧបទ្វីបគ្រីមា។

គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ FSB ថាកាលពីថ្ងៃព្រឹកថ្ងៃពុធ ម្សិលមិញនេះថា ប្រទេសរុស្ស៊ីបានរកឃើញនូវ ភស្តុតាងមួយចំនួន ដែលបានបង្ហាញថា មានកងកម្លាំងប្រដាប់អាវុធដែលមកពី ក្រុមចារកម្មសម្ងាត់របស់ ក្រសួងការពារជាតិអ៊ុយក្រែន បានរៀបចំគំរោងចង់ធ្វើការលុកលុយចូលតំបន់គ្រីមា ដែលកំពុងគ្រប់គ្រងដោយ ប្រទេសរុស្ស៊ី។ FSB បានបញ្ជាក់ថាក៏មានមន្ត្រីរបស់ខ្លួន បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីចុងសប្តាហ៍័មុនដែរ។

ប្រទេសរុស្ស៊ី បានធ្វើការចោទប្រកាន់អ៊ុយក្រែននោះ ដោយយោងទៅលើភាពស្របច្បាប់ របស់ខ្លួនដែលធ្វើការគ្រប់គ្រង លើតំបន់គ្រីមា តាមរយៈការបោះឆ្នោតធ្វើប្រជាមតិកាលពីឆ្នាំ ២០១៤ ហើយដែលកាលណោះ គឺប្រជាជននៅគ្រីមា ជាង ៩០ភាគរយបានគាំទ្រការដឹកនាំរបស់រុស្ស៊ី។ FSB បានបញ្ជាក់ថាសហព័ន្ធរុស្ស៊ីមានសិទ្ធិគ្រប់គ្រងនិងការពារ សន្តិសុខសង្គម នយោបាយ និង ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់គ្រីមា៕