(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការដឹកនាំការងារ រៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ។

ក្នុងនោះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយបច្ចេកទេស និងមន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីបានអានសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការដឹកនាំរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដោយមានសមាសភាពចំនួន១១រូប លោករដ្ឋមន្រ្ដី បានផ្ដល់នូវគោលការណ៍ និងអនុសាសន៍សំខាន់ៗ ចំនួន៥ដូចខាងក្រោម៖

*ទី១៖ ឲ្យបន្តពិនិត្យ រៀបចំ និងតាក់តែងបញ្ចប់សេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដែលបានតាក់តែងរៀបចំបានប្រមាណ៩០ភាគរយ ក្នុងអាណត្តិទី៦ កន្លងមក

*ទី២៖ រៀបចំគោលនយោបាយនេះឲ្យស្របទៅតាមទម្រង់នៃច្បាប់, កម្មវិធីនយោបាយគណបក្ស, ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ពិនិត្យទិន្នន័យប្រជាសាស្រ្ត, ទិន្នន័យសេដ្ឋកិច្ច, ទិន្នន័យសង្គមកិច្ច និងទិន្នន័យសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក

*ទី៣៖ ការងារអត្ថន័យខ្លឹមសារ ត្រូវពិនិត្យឲ្យស្របតាមទម្រង់ទូទៅនៃក្រុមប្រឹក្សាអ្នកច្បាប់

*ទី៤៖ កាលវិភាគការងារដែលត្រូវបញ្ចប់ការរៀបចំគោលនយោបាយនេះ គឺចុងឆ្នាំ២០២៤

*ទី៥៖ បញ្ហាផ្សេងៗ លោករដ្ឋមន្រ្ដី បានសម្រេចឲ្យបង្កើតក្រុម (Telegram) ដើម្បីងាយស្រួលដល់ការទំនាក់ទំនងដំណើរការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២៥-២០៣៥៕