(ភ្នំពេញ)៖ ស្ដ្រីវ័យ៦៣ឆ្នាំម្នាក់ ឈ្មោះ ជា សាឡាត់ រស់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានអាការភ្នែកទ្បើងបាយទាំងសងខាង បណ្តាលឲ្យមើលពុំឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។

ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែកទាំងសងខាងរបស់អ៊ំស្រី ប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ។

បច្ចុប្បន្ន អ៊ំស្រីអាចមើលឃើញច្បាស់សារជាថ្មីឡើងវិញ ជាមួយអារម្មណ៍រំភើបរីករាយជាអនេក។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី៕