(ឆុងឈីង, ចិន)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងលោក HE Ji សាកលវិទ្យាធិការ មហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង (Chongqing Creation Vocational College) នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញប្រគល់សញ្ញាបត្រដល់សិក្ខាកាមកម្ពុជាចំនួន៣៤រូប មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា។

សិក្ខាកាមទាំង៣៤រូបនេះ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «Cross-border Digital Trade between China-Cambodia for Mid-Senior Management Personnel» នៅមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង រយៈពេល២០ថ្ងៃ។ វគ្គបណ្តុះបណ្តាលនេះ បានទទួលការឧបត្ថម្ភគាំទ្រក្រោមកម្មវិធីផ្លូវសូត្រ នៃរដ្ឋបាលក្រុងឆុងឈីង សម្រាប់និស្សិតអន្តរជាតិ។

ទេសរដ្ឋមន្ដ្រី លី ធុជ បានលើកឡើងថា ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក (NC-ESCAP) ចាប់តាំងពីឆ្នាំ២០១៩ កម្ពុជា សហការជាមួយមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង បានបញ្ជូនសិក្ខាកាមកម្ពុជា ប្រមាណជិត១០០នាក់ ដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញចំនួនបីលើក ព្រមទាំងរៀបចំឲ្យមានការចុះអនុស្សារណៈ នៃការយោគយល់គ្នាមួយចំនួនទៀត រវាងស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជា ជាមួយនឹងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈ។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ លោក HE Ji និងថ្នាក់ដឹកនាំ នៃមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ក៏ដូចជារដ្ឋបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង ដែលតែងតែចំណាយពេលវេលា និងធនធាន ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា រយៈពេលកន្លងមក និងនាពេលអនាគត។ ទីក្រុងឆុងឈីង គឺជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្ដ្រី លី ធុជ បានបន្តទៀតថា រយៈពេល២០ថ្ងៃ នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមកម្ពុជាទាំងអស់ នឹងទទួលបាននូវការសិក្សាស្វែងយល់បន្ថែមអំពីវប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមានសក្តានុពលខ្លាំងសម្រាប់ការសិក្សារៀនសូត្រ ទទួលនូវបទពិសោធន៍ ចំណេះដឹង និងជំនាញគ្រប់បែបយ៉ាង ក្នុងការចូលរួមដល់កិច្ចការអភិវឌ្ឍនានានៅកម្ពុជា។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានណែនាំឲ្យសិក្ខាកាមទាំងអស់ ត្រូវបន្តចូលរួមកសាងនូវចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេស និងប្រជាជនចិន ដែលជាមរតកប្រវត្តិសាស្រ្តរយៈពេល៦៥ឆ្នាំ បន្សល់ទុកតាំងពី ព្រះករុណាព្រះបាទ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ព្រមទាំងត្រូវបន្តចូលរួមពង្រឹងនូវចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា៕