(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការលើកលែងនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា «សូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត មេត្តាជ្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ការអនុគ្រោះឱ្យម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្តល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធទាំងពីរប្រភេទនេះ រហូតដល់ដំណាច់ឆ្នាំ២០២៣»។

អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។ ចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ។

ក្នុងករណីមានចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទំនាក់ទំនងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call Center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕