(ភ្នំពេញ)៖ ជាលើកទី១ហើយ ដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបស្តីពី «សម្រស់សហគមន៍យើង» នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជាបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។

ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួនបី ក្នុងអណត្តិរាជរដ្ឋាភិបាលថ្មីឆ្នាំ ២០២៣៖ ក្រសួងទេសចរណ៍, ក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក.អ.ក បានប្រកាសរៀបចំការប្រកួតរូបថតក្រោមប្រធានបទ «សម្រស់សហគមន៍យើង» ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស អំពីសម្រស់ធម្មជាតិរបស់កម្ពុជា។

តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់បេក្ខជនដោយមិនកែច្នៃ ឬរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត រួមទាំងតំបន់អភិវឌ្ឍជាដើម។

ចំពោះរង្វាន់វិញ នឹងផ្តល់ជូនជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិការផង និងជាពានផង។ អ្នកដែលមិនជាប់ជ័យលាភី ក៏នឹងទទួលបានការលើកទឹកចិត្តផងដែរ។ រូបថតដែលផ្ញើមកគណកម្មការកំណែ នឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់មកនឹងយកទៅផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញរូបភាពដ៏អស្ចារ្យ និងល្អៗពីកម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍តែម្តង។

ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកថតរូបមេត្តារួសរាន់ផ្ញើរូបថត ដើម្បីដាក់ចូលប្រកួតយកពាន់រង្វាន់ និងស្នាដៃឯក សម្រាប់ឆ្នាំ២០២៣នេះ។ ក.អ.ក ក៏សូមស្វាគមដល់ស្ថាប័នរដ្ឋ និងឯកជនដែលមានបំណងចូលរួមតាមទម្រង់ផ្សេងៗ ដើម្បីធ្វើឲ្យការប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះកាន់តែធំ និងទូលំទូលាយសម្រាប់ជាតិយើង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទនិងតេឡេក្រាមលេខ៖ ០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១៕